អាមេរិក៖ យោងតាមប្រភពការទូតនៅថ្ងៃចន្ទនេះបានបញ្ជាក់ថា ចក្រភពអង់ គ្លេសបានអំពាវនាវអោយមានការបើកកិច្ចប្រជុំបន្ទាន់មួយ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ជាទីដែលក្រុមបាតុករប្រឆាំងរដ្ឋប្រហារត្រូវបានសម្លាប់យ៉ាងច្រើនកាលពីថ្ងៃចុងសប្តាហ៍មុន ។
ប្រភពបានអោយដឹងថា សមាជិកទាំង១៥របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងចាប់ផ្តើមសម័យប្រជុំបិទទ្វារមួយនៅថ្ងៃពុធសប្តាហ៍នេះ ជាមួយនឹងការធ្វើសេចក្តីរាយការណ៍សង្ខេប ស្តីពីស្ថានការណ៍នៅមីយ៉ាន់ម៉ា ដោយប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការប្រទេសមីយ៉ាន់ម៉ា គឺលោក Christine Schraner Burgener ។ យ៉ាងណាមិញ គេនៅពុំទាន់ដឹងច្បាស់ ថាតើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាចនឹងយល់ព្រមលើសេចក្តីប្រកាសថ្មីមួយនៅចុងបញ្ចប់នៃកិច្ចប្រជុំនេះនោះទេ ខណៈវាជាអ្វីដែលតម្រូវអោយមានការឯកភាពគ្នា ក្នុងចំណោមសមាជិកទាំងអស់ រួមមានទាំងរុស្ស៊ី និងចិនផងដែរ ។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី១០ ខែមីនាកន្លងទៅនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានចេញសេចក្តីប្រកាសជាលើកដំបូង ដោយបានថ្កោលទោសយ៉ាងខ្លាំងចំពោះកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ជុំវិញការប្រើហិង្សាប្រឆាំងនឹងក្រុមបាតុករដោយសន្តិវិធី ក្នុងនោះរួមមានទាំងស្រ្តី និងកុមារផងដែរ ៕