ខេត្ដកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នារសៀលថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២១នេះ អញ្ជើញចុះពិនិត្យការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារធំ និងផ្សារសាមគ្គី ស្ថិតនៅក្នុងក្រុងកំពង់ចាម តាមវិធានរបស់ក្រសួងសុខាភិបាល បន្ទាប់ពីផ្អាកការធ្វេីអាជីវកម្ម ចំនួន១៣ទីតាំង ដោយពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ ហើយមានអ្នកវិជ្ជមានកូវីដ-១៩ បានចូលក្នុងផ្សារនោះនាពេលកន្លងមក។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបង្កេីនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយត្រូវយកចិត្តទុកដាក់អនុវត្ត ឲ្យបានខ្ជាប់ខ្ជួន តាមរយៈសារអប់រំពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ” ៣ការពារ ៣កុំ និង២ចូលរួម ” ព្រមទាំងសារអប់រំណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីការឆ្លងជំងឺដ៏កាចសាហាវនេះចូលដល់ក្នុងសហគមន៍ ។
គួរបញ្ជាក់ថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងផ្ទុះឡើងចំនួន៥ ករណី ក្នុងខេត្តកំពង់ចាម នាពេលកន្លងទៅថ្មីៗនេះ អាជ្ញាធរខេត្តបានសម្រេចផ្អាកជាបណ្ដោះអាសន្ននូវទីតាំងមណ្ឌលសុខភាព និងការធ្ធេីអាជីវកម្ម សរុបចំនួន១៣ទីតាំង ដែលមានការពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ តាមរយៈព្រឹត្តិការណ៍២០កុម្ភៈ រួមមាន÷ ១- មណ្ឌលសុខភាព ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ។ ២-គ្លីនិក ម៉ី មុនីបូរិន្ទ ។ ៣- មន្ទីរសម្រាកព្យាបាលបញ្ញា (ពេទ្យគា) ក្រុងកំពង់ចាម ។
ក្នុងនេះតូបលក់ដូរនៅផ្សារធំមាន ចំនួន៩តូប និងផ្សារសាមគ្គី ក្រុងកំពង់ចាម ចំនួន១តូបផងដែរ ៕