ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ និងឯកឧត្តម លោកជំទាវអភិបាលរងខេត្ត បានអញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីស័ក នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម ដើម្បីសាកសួរសុខទុក្ខ និងស្នើដល់បងប្អូនពលករចំណូលស្រុក ក៏ដូចជាប្រជាពលរដ្ឋពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០-កុម្ភៈ ឲ្យចូលរួមសហការជាមួយអាជ្ញាធរ ក្រុមគ្រូពេទ្យ ដើម្បីបង្កើនលទ្ធភាពបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ ដែលកំពុងរីករាលដាល គួរឲ្យព្រួយបារម្ភនោះ ។
នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានអំពាវនាវដល់មន្រ្ដីប្រចាំការ ត្រូវរក្សាបរិស្ថានស្អាត និងមានអនាម័យ ពិសេសត្រូវយកចិត្តទុកដាក់តាមដានជាប់ជាប្រចាំ អំពីតម្រូវការចាំបាច់របស់អ្នកធ្វើចត្តាឡីស័ក ដើម្បីដោះស្រាយជូនពួកគាត់បានទាន់ពេលវេលា។ ក្នុងករណីមិនអាចដោះស្រាយបាន ត្រូវរាយការណ៍និងសុំយោបល់ដឹកនាំពីរដ្ឋបាលខេត្ត។
គួរបញ្ជាក់ផងដែរថា អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តកំពង់ចាម រៀបចំសណ្ឋាគារមេគង្គ ក្រុងកំពង់ចាម ជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដើម្បីត្រៀមលក្ខណៈ ជាស្រេចក្នុងករណីទំហំនៃការឆ្លងរីករាលដាលនៅតែបន្តកើនឡើង។
ដោយឡែកចំពោះអ្នកដែលកំពុងធ្វើចត្តាឡីស័កនៅសណ្ឋាគារមេគង្គ បានបញ្ជូនមកទៅធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាមវិញ។ គិតត្រឹមថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ នេះ មានប្រជាពលរដ្ឋដែលប៉ះពាល់នឹងព្រឹត្តិការណ៍សហគមន៍២០-កុម្ភៈ និងពលករចំណូលស្រុក ចំនួន ២២៧នាក់ ស្រី៩៣នាក់៕