លោកសាស្រ្តាចារ្យ Vitit Muntarbhorn ជាជនជាតិថៃ ត្រូវបានតែងតាំងជាផ្លូវការ ជាអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាទី៧ នៅថ្ងៃទី២៤មីនាឆ្នាំ២០២១ បន្ទាប់ពីលោកស្រី Rhona Smith ។
រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯកឧត្តម ជិន ម៉ាលីន នៅថ្ងៃទី២៥មីនាឆ្នាំ២០២១ បានបញ្ជាក់ថា កម្ពុជាស្វាគមន៍ និងរំពឹងទុកបីចំណុច ពីអ្នករាយការណ៍ពិសេសថ្មីនោះ ក្នុងកិច្ចសហការលើកស្ទួយសិទ្ធិមនុស្សនៅកម្ពុជា។
ឯកឧត្តមបានបញ្ជាក់ថា ចំណុចទី១ អាចធ្វើកិច្ចសហការបានប្រកបដោយភាពស្មោះត្រង់ ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅកម្ពុជា រួមមាន រដ្ឋាភិបាល គណបក្សនយោបាយ អង្គការសង្គមស៊ីវីល ព្រមទាំងក្រុមដែលមាននិន្នាការប្រឆាំងផងដែរ។
ចំណុចទៅ២ ធ្វើការសិក្សា ស្រាវជ្រាវ វិភាគ វាយតម្លៃ ធ្វើរបាយការណ៍ និងផ្តល់អនុសាសន៍ អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ប្រកបដោយវិជ្ជាជីវៈ ក្នុងនាមជាអ្នកស្រាវជ្រាវ និងជំនាញការឯករាជ្យ ជាជាងជាអ្នកនយោបាយ និងត្រូវផ្អែកទៅលើទិដ្ឋភាពបច្ចេកទេសនៃសិទ្ធិ ស្ថានភាពជាក់ស្តែង និងបរិបទរបស់កម្ពុជាផងដែរ ជាជាងផ្អែកលើរបៀបវារៈនិងនិន្នាការនយោបាយផ្ទាល់ខ្លួន។
ចំណុចទី៣ អនុវត្តបានត្រឹមត្រូវនូវតួនាទីភារកិច្ចរបស់ខ្លួនដែលតម្រូវដោយអណត្តិនៃអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ និងប្រកាន់ខ្ជាប់នូវគោលការណ៍និងធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេស អព្យាក្រឹត្យភាពផ្នែកនយោបាយ ការគោរពគ្នាទៅវិញទៅមក ការគោរពនូវអធិបតេយ្យភាពរបស់រដ្ឋ និងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនៃរដ្ឋអធិបតេយ្យ៕