បរទេស៖ ធនាគារកណ្តាលរបស់ប្រទេសចិនតាមរយៈការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួកាលពីល្ងាចថ្ងៃចន្ទម្សិលមិញនេះបានឲ្យដឹងថាខ្លួនបានដាក់គោលដៅអាទិភាពដ៏សំខាន់មួយនៅក្នុងឆ្នាំ2021នេះ ដោយធ្វើយ៉ាងណាប្រែក្លាយលុបបំបាត់ការបំភាយឧស្ម័នពុលទាំងស្រុងនៅក្នុងប្រទេស។
សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយធនាគារកណ្តាលចិនក្នុងអំឡុងពេលនៃកិច្ចប្រជុំផែនការមេសម្រាប់រយៈពេល5ឆ្នាំ(2021-2025) លើកទី14 រដ្ឋាភិបាលចិនបានកំណត់ចេញនូវផែនការការងារចម្បងមួយទៅលើវិស័យហិរញ្ញវត្ថុបៃតង ឬ Green Finance ដែលត្រូវបានគេដឹងថាមានគោលបំណងលុបចោលឲ្យបាននូវការបំពុលអាកាសដោយឧស្ម័នពុលឲ្យបានឆាប់។
ហរិញ្ញវត្ថុបៃតងត្រូវបានធនាគារព្យាករណ៍ថានឹងក្លាយទៅជាជំនួយដ៏ធំមួយក្នុងការវិនិយោគបែបនិរន្តភាពចំពោះបរិស្ថានធម្មជាតិ ជាពិសេសទៅលើជំនួញផ្នែកអាជីវកម្មដែលអាចលើកកំពស់ចំពោះបញ្ហាបម្រែបម្រូលអាកាសធាតុរបស់ភពផែនដី។ នេះបើយោងតាមការបញ្ជាក់បន្ថែមដោយលោក Yi Gang ប្រធានធនាគារកណ្តាលចិនដែលបានថ្លែងទៅកាន់វេទិកា China Development Forum។
លោក Yi បានបន្តថា កិច្ចការងារចាំបាច់ និងជាបន្ទាន់សម្រាប់ចិននៅពេលនេះ គឺការប្រឈមមុខទៅនឹងគោលដៅដែលខ្លួនបានដាក់ចេញកន្លងមក ដោយធ្វើយ៉ាងណាឲ្យបញ្ហាសាយភាយកាបូនមានទំហំអប្បរិមាបំផុតនៅមុនឆ្នាំ2030 និងក្លាយជាប្រទេសដែលមិនមានសាយភាយឧស្ម័នកាបូននៅមុនឆ្នាំ2060។
កាលពីចុងឆ្នាំ2020 ប្រទេសចិនបានរាយការណ៍ថា កម្ចីបែបហរិញ្ញវត្ថុ Green Finance នេះមានចំនួនរហូតទៅដល់ទៅ 1.84 ទ្រីលានដុល្លារដែលជាទំហំខ្ពស់បំផុតធៀបទៅនឹងបណ្តាប្រទេសទាំងឡាយលើពិភពលោក។
លោក Yi បានបន្ថែមទៀតថា កិច្ចខិតខំប្រឹងប្រែងដែលនឹងត្រូវធ្វើឡើងសម្រាប់ផែនការរយៈពេល5ឆ្នាំ (2021-2025)គឺដើម្បីធ្វើឲ្យល្អប្រសើរឡើងនៃប្រព័ន្ធហិរញ្ញវត្ថុបៃតងតាមស្តង់ដារ។ ផែនការនេះក៏ត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំងឲ្យមានការចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមបម្រែបម្រូលអាកាសធាតុព្រមទាំងកិច្ចការងារពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិជាសាកលផងដែរ៕