អាមេរិក៖ រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិងកំពុងធ្វើការពិចារណាលើការចំណាយដ៏ធំថ្មីមួយ ដែលមានទំហំទឹកប្រាក់៣ទ្រីលានដុល្លារលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅសហរដ្ឋអាមេរិក និង ការបែងចែកទៅក្នុង កញ្ចប់ថវិការចំនួនពីរ ដែលអាចប្រឈមមុខនឹងផ្លូវតូចចង្អៀត ដើម្បីទទួលបាននូវការអនុម័តនៅសភា នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិកនៅថ្ងៃចន្ទម្សិលមិញ ។
ផែនការរៀបចំហេដ្ឋារចនាសម្ព័ន្ធនេះ ត្រូវបានបង្កើតឡើងមានគោលដៅដូចគ្នាទៅនឹងកញ្ចប់ថវិការនៃផែនការសង្គ្រោះពលរដ្ឋអាមេរិកទំហំ ១,៩ ទ្រីលានដុល្លារ ដែលលោក បៃដិន ទើបតែចុះហត្ថលេខាអោយចូលជាច្បាប់ជាផ្លូវការកាលពីដើមនេះ ដែលមានគោលបំណងជួយស្តារឡើងវិញនូវសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចពិភពលោកមួយនេះ ពីការបំផ្លិចបំផ្លាញបង្កឡើងដោយវីរុសរាតត្បាតសកលកូវីដ១៩ ។
សូមបញ្ជាក់ថា លោក ចូ បៃដិន ដែលបានស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកកាលពីខែមករាមកនេះ ធ្លាប់បានសន្យាថា នឹងអនុម័តលើកញ្ចប់ថវិការសង្គ្រោះលើកទី២ ដែលមានគោលបំណងធ្វើអោយប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសហរដ្ឋអាមេរិក ការបង្កើតការងារថ្មីៗ ហើយបើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិកនោះ ផែនការនេះនឹងត្រូវបានបែងចែកទៅក្នុងសំណើចំនួនពីរ ដែលចំណាយទឹកប្រាក់សរុបរហូតដល់៣ទ្រីលានដុល្លារ ៕