នាយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈកម្មការប្រយុទ្ធ និងជំងឺកូវីដ-១៩ បានអញ្ជើញចុះពិនិត្យ និងណែនាំដល់បងប្អូនអាជីវករ លក់ដូរពេលយប់អោយគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ដោយត្រូវពាក់ម៉ាស់ លាងដៃ និងអាល់កុល ឬសាប៊ូអោយបានញឹកញាប់ និងត្រូវរក្សាគម្លាតសុវត្ថិភាព។ បើទោះជាមិនទាន់មានករណីវិជ្ជមានកូវីដ-១៩ នៅក្នុងខេត្តរតនគិរីក្តី។
ឯកឧត្តមដាក់បញ្ជាអោយអាជ្ញាធរ បន្តចុះណែនាំដល់ប្រជាពលរដ្ឋអោយគោរពតាមវិធានការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ របស់ក្រសួងសុខាភិបាល ក៏ដូចជាអនុសាសន៍ណែនាំ«៣ការពារ ៣កុំ»របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាអោយបានម៉ឺងម៉ាត់ ហើយអាជ្ញាធរត្រូវបន្តការចុះល្បាតដើម្បីត្រួតពិនិត្យ និងចុះហាមឃាត់នូវការជួបជុំទាំងឡាយដែលមានគ្នាច្រើន ដែលផ្ទុយពីសេចក្តីណែនាំ ស្តីពីការផ្អាកជាបណ្តោះអាសន្ននូវរាល់ការរៀបចំពិធីអាពាហ៍ពិពាហ៍ ពិធីជប់លាង ពិធីឡើងគេហដ្ឋាន….ក្នុងខេត្តរតនគិរី។