នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណ:អភិបាលខេត្ត និងឯកឧត្តមឧត្តមសេនីយ៍ឯក សម វណ្ណវីរ: អគ្គស្នងការរងនគរបាលជាតិ តំណាងឯកឧត្តម អគ្គស្នងការនគរបាលជាតិ បានអញ្ជេីញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារប្រចាំឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។
មានប្រសាសន៍ទៅកាន់ពិធីនេះ ឯកឧត្តមអភិបាលខេត្តបានថ្លែងថា ក្នុងនាមគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត សូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្ត និងកងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ គ្រប់ជំនាញ និងគ្រប់ផ្នែកដែលបានខិតខំប្រែងប្រែងបំពេញតួនាទីភារកិច្ចយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នាំឲ្យ សម្រេចបាននូវលទ្ធផលលេចធ្លោវិជ្ជមាន ជាច្រើន នៅក្នុងវិស័យសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គម ក្នុងឆ្នាំ២០២៤នេះ។
ឯកឧត្តមបន្ថែមថា ទន្ទឹមនឹងភាពវិជ្ជមានខាងលេីសូមស្នើដល់គ្រប់គណៈបញ្ជាការឯកភាពរដ្ឋបាលទាំងអស់ អង្គភាពពាក់ព័ន្ធ ព្រមទាំងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់នូវកិច្ចការសំខាន់ៗមួយចំនួន ដូចខាងក្រោម៖
១-ត្រូវបន្តសហការពង្រឹង និងថែរក្សាការពារឲ្យបានរឹងមាំនូវសុខសន្តិភាព និងស្ថិរភាពនយោបាយ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងទប់ស្កាត់ឲ្យ បានកុំ ឲ្យកើតមាននូវសកម្មភាពញុះញង់ ដែលបង្កអសន្តិសុខសង្គម និងបំផ្លាញ សុខ សន្តិភាព ។
២-កងកម្លាំងត្រូវយកចិត្តទុកដាក់សិក្សាដាក់ចេញនូវវិធានការបង្ការ ទប់ស្កាត់ ទន្ទឹមជាមួយនិងការផ្សព្វផ្សាយអប់រំ និងបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋ នៅមូលដ្ឋាន ព្រមទាំងបង្កើនការចាត់តាំង យាមកាម ការពារសន្តិសុខ សុវត្ថិភាពនៅមូលដ្ឋានឲ្យបានកាន់តែខ្លាំងក្លាថែមទៀត ធ្វើយ៉ាងណាឲ្យជនដែលមានបំណងប្រព្រឹត្ត បទល្មើស គ្មានឱកាសនឹងប្រព្រឹត្តបទល្មើសបាន ។
៣-ត្រូវបន្តពង្រឹង និងរឹតបន្តឹងការអនុវត្តវិធានការ ច្បាប់ឲ្យបានកាន់តែតឹងរ៉ឹងដោយផ្ដោតជាសំខាន់ទៅលើកត្ដាដើមហេតុចម្បងនានាដែលនាំឲ្យកើតមាននូវគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្ត ជាមួយនិងការយកចិត្តទុកដាក់លើកកម្ពស់ការអប់រំផ្សព្វផ្សាយឲ្យបានសកម្ម និងផុលផុសតាមគ្រប់រូបភាព ជាពិសេសការរៀបចំចាត់តាំងក្រុមការងារជាលក្ខណៈទ្រង់ ទ្រាយតូចតាមខ្នងផ្ទះសាលារៀន ទីសាធារណៈ គ្រឹះស្ថានសាធារណៈ និងឯកជន ដើម្បីផ្សព្វផ្សាយនូវខ្លឹមសារខ្លីៗងាយយល់ពាក់ព័ន្ធនឹងបទប្បញ្ញត្តិចរាចរណ៍ ។
៤-កងកម្លាំង និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវខិតខំពង្រឹងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឲ្យបានសកម្មជាប់ជាប្រចាំ ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបការចរាចរជួញដូរ ប្រើប្រាស់ និងការលួចកែច្នៃផលិតគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ ជាពិសេសត្រូវបន្តយកចិត្តទុកដាក់អនុវត្ត នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី ដែលបានណែនាំឲ្យធ្វើការបន្សុទ្ធកងកម្លាំង ដោយមិនត្រូវមានការពាក់ព័ន្ធ ទាំងការប្រើប្រាស់គ្រឿងញៀន និងការជួញដូរគ្រឿងញៀន ។
៥-ត្រូវជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីសម្រេចបានជោគជ័យលក្ខណសម្បត្តិទាំង៧យ៉ាង តាមរយៈការបង្កើនការចុះធ្វើវេទិកាសាធារណៈ ការផ្សព្វផ្សាយអប់រំច្បាប់ និងពង្រឹងសកម្មភាពប្រជាការពារ ទន្ទឹមនេះ ក៏ត្រូវជំរុញចលនាប្រឡងប្រណាំង គោល នយោបាយនេះឲ្យកាន់តែផុលផុស ធ្វើយ៉ាងណាឲ្យឃុំ សង្កាត់ទទួលបាន ចំណាត់ថ្នាក់ ល្អមានការកើនឡើង និងចំណាត់ថ្នាក់មធ្យម និងខ្សោយ មានការថយចុះ ឬក៏អត់មានតែម្ដង នៅក្នុងឆ្នាំ២០២៥ខាងមុខ ។