ប៉ៃលិន៖ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកថវិកា ព្រមទាំងគ្រឿងឧបភោគបរិភោគ ទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋចំនួន ៣៤គ្រួសារ ក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមគេហដ្ឋាននៅក្នុងខេត្ត បន្ទាប់ពីពួកគាត់ទើបវិលត្រលប់មកពីបណ្តាខេត្តផ្សេងៗ ដើម្បីចូលរួម ទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ជាមួយក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ឱ្យដឹងថា៖ បច្ចុប្បន្នរដ្ឋបាលខេត្តប៉លិន បានរៀបចំមណ្ឌល ចត្តាឡីស័កជាច្រើនកន្លែង សម្រាប់បងប្អូនពលករដែលវិលត្រឡប់មកពីក្រៅប្រទេស ជា ពិសេស ប្រទេសថៃ ដោយឡែកបងប្អូនដែលទើបវិលត្រលប់មកពីបណ្តារាជធានីខេត្តនានា ត្រូវធ្វើចត្តាឡីស័កនៅ តាម គេហដ្ឋានចំនួន ១៤ថ្ងៃសិន ក្រោមការតាមដានរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ក្នុង ការ ទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ តាមការណែនាំ និងវិធានការណ៍របស់ក្រសួងសុខាភិបាល និងរាជ រដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
លោកជំទាវ បាន ស្រីមុំ ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ដោយត្រូវរក្សាអនាម័យក្នុងការរស់នៅជាប្រចាំ ដូចជា៖ លាងដៃនឹងសាប៊ូ ហូបទឹកឆ្អិន និងដេកក្នុងមុងជានិច្ច ដើម្បីជាសវាងការកើតមានជំងឺតម្កាត់ផ្សេងៗ ជាពិសេសជម្ងឺកូវីត-១៩ ដែលយើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់ ការពារការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ដោយអនុវត្តន៍ ៣កុំ និង ៣ការពារ ហើយបើមានបញ្ហាសុខភាព សូមប្រញ៉ាប់ប្រញាល់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យនៅជិតបំផុត ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា។
សូមបញ្ជាក់ថា៖ នៅក្នុងឱកាសនោះលោកជំទាវ បាន ស្រីមុំ បានឧបត្ថម្ភ ថវិកា និងគ្រឿងឧបភោគបរិភោគ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុង ធ្វើ ចត្តាឡីស័កនៅតាមផ្ទះ ចំនួន ៣៤គ្រួសារ ក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ក្នុងនោះមានជនបរទេសចំនួន ០១គ្រួសារ៕