ភ្នំពេញ ៖ ក្រសួងធម្មការ និងសាសនា បានស្នើព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកណ្ដាល ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលឈ្មោះ ផែង វណ្ណៈ ពីបទប្រមាថព្រះសង្ឃ តាមមាត្រា៥១៦ បទញុះញង់ឱ្យមានការរើសអើង តាមមាត្រា ៤៩៦ និងបទគម្រាមកំហែងថា នឹងសម្លាប់ តាមមាត្រា ២៧៣ តាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។
យោងតាមលិខិតរបស់ ក្រសួងធម្មការ នាពេលថ្មីៗនេះបានបញ្ជាក់ថា កាលពីថ្ងៃទី១៤ មីនា លោក ផែង វណ្ណៈ ធ្វើការបង្ហោះវីដេអូ ផ្សាយផ្ទាល់លើផេករបស់ខ្លួន អតីតឈ្មោះ Pheng Vannak News ដោយបានជេរប្រមាថ មកលើព្រះសង្ឃ និងពោលពាក្យគម្រាមកំហែង ញុះញុងឱ្យមានការរើសអើង ចំពោះព្រះសង្ឃ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ មិនតែប៉ុណ្ណោះ បានប្រមាថយ៉ាងធ្ងន់ធ្ងរ ដល់អាយុជីវិតរបស់អ្នកបួស ដោយបាននិយាយថា « ប្រសិនបើវាយកូនខ្ញុំបែបនេះ ខ្ញុំអត់ទៅប្តឹងទេ ខ្ញុំទៅបាញ់ចោលតែម្តង ចំពោះអ្នកប្រព្រឹត្ត»។
ក្រសួងធម្មការ រៀបរាប់ថា ទាំងនេះជាចេតនាគម្រាមកំហែងថានឹងសម្លាប់ ដែលមានបញ្ញត្តិក្នុងក្រមព្រហ្មទណ្ឌ និងចោទបន្ថែមលើព្រះគ្រូ ចៅអធិការវត្តបូណ៍នូវពាក្យមិនពិតដោយពោលថា លោកជាជន រងគ្រោះ រត់គេចខ្លួន ព្រោះខ្លាចគេតាមធ្វើបាប មិនហ៊ានចូលផ្ទះទៀតផង និងវាយប្រហារមន្ត្រីថេរសភាសង្ឃខេត្ត ដែលធ្វើឱ្យប៉ះពាល័ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋយ៉ាងខ្លាំង ។
ជាងនេះទៅទៀត ក្នុងនាមក្រសួងធម្មការ និងសាសនា ធ្វើការថ្កោលទោសលើបុគ្គលឈ្មោះ ផែង វណ្ណៈ ចំពោះ សកម្មភាព ដូចបានរៀបរាប់ខាងលើនេះ និងស្នើសុំឲ្យ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល ចាត់វិធានការចំពោះបុគ្គលរូបនេះ តាមច្បាប់ជាធរមាន។