នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តបានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ និងនាំយកសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងមានការសោកស្ដាយក្រៃលែងជាមួយលោកជំទាវ ខៀវ ស៊ីណា ចំពោះមរណភាពរបស់ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ដែលត្រូវជាស្វាមីរបស់លោកជំទាវ បានទទួលមរណភាព នៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣៥នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។
ឯកឧត្តមអភិបាលខេត្ត និងគណៈប្រតិភូបានសម្តែងនូវការចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ ឯកឧត្តមបណ្ឌិត ជា ចាន់តូ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕