ឯកឧត្តម ម៉ៅ ធនិន៖ ទីផ្សារពលកម្មក្នុងខេត្ត កំពុងតែត្រូវការ ដូច្នេះសូមបងប្អូនយកចំណេះជំនាញ មកធ្វើការតាមបណ្តាក្រុមហ៊ុន សហគ្រាស និងរោងចក្រ ជៀសវៀងការធ្វើចំណាកស្រុក

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នាព្រលប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បានលើកឡើងថា បច្ចុប្បន្នដោយស្ថានភាពកូវីដកំពុងតែផ្ទុះឡើងក៏ពិតមែន ក៏ប៉ុន្តែទីផ្សារពលកម្មកំពុងតែត្រូវការ បងប្អូនយើងដែលមានចំណេះជំនាញ ដើម្បីមកធ្វើការនៅតាមបណ្តាក្រុមហ៊ុន សហគ្រាស និងរោងចក្រនានា ជៀសវៀងបន្តការធ្វើចំណាកស្រុក។

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នាព្រលប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បានលើកឡើងថា បច្ចុប្បន្នដោយស្ថានភាពកូវីដកំពុងតែផ្ទុះឡើងក៏ពិតមែន ក៏ប៉ុន្តែទីផ្សារពលកម្មកំពុងតែត្រូវការ បងប្អូនយើងដែលមានចំណេះជំនាញ ដើម្បីមកធ្វើការនៅតាមបណ្តាក្រុមហ៊ុន សហគ្រាស និងរោងចក្រនានា ជៀសវៀងបន្តការធ្វើចំណាកស្រុក។

ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងឱកាសចុះជួបសំណេះសំណាល និងសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ដែលទើបតែវិលត្រឡប់មកពីប្រទេសថៃ ហើយត្រូវបាននឹងកំពុង ដាក់ឱ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សាទួលគ្រួស ស្ថិតក្នុងភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានឱ្យដឹងថា ការចុះមកនាពេលនេះ គឺដើម្បីចង់ដឹងពីសុខទុក្ខរបស់បងប្អូនយើង ដែលទើបវិលត្រឡប់មកពីប្រទេសថៃ និងកំពុងតែដាក់ឱ្យធ្វើចត្តាឡីស័ក ថាតើមានបញ្ហាប្រឈម ក៏ដូចជាសំណូមពរអ្វីខ្លះ យកមកធ្វើការដោះស្រាយរួមគ្នា។

ឯកឧត្តមបានធ្វើការណែនាំ ទៅដល់បងប្អូនពលករទាំងអស់ សូមប្រកាន់ភ្ជាប់ និងចូលរួមអនុវត្តឱ្យបានត្រឹមត្រូវបំផុត តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការ «៣កុំ និង៣ការពារ» របស់សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលកំពុងតែឆ្លងចូលសហគមន៍របស់យើង។

ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ បានជម្រាបជូនពីការរីកចម្រើនលើគ្រប់វិស័យ និងសមិទ្ធផល សម្រេចបាននៅក្នុងខេត្ត ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានលះបង់កម្លាំងកាយចិត្ត តស៊ូរហូតទទួលបានសុខសន្តិភាពមកទល់បច្ចុប្បន្ន។

ជាមួយគ្នានោះ ឯកឧត្តមក៏បានជម្រាបជូនបន្ថែម អំពីការតម្រូវការទីផ្សារពលកម្ម នៅតាមក្រុមហ៊ុន សហគ្រាស និងរោងចក្រ ដែលមាននៅក្នុងខេត្ត ជាពិសេសក្រោយពីស្ថានភាពជំងឺកូវីដបានធូរស្បើយ។ ឯកឧត្តមក៏បានចាត់ឱ្យថ្នាក់ដឹកនាំមន្ទីរការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈខេត្តពោធិ៍សាត់ ត្រូវធ្វើការជាមួយបងប្អូនយើង ដើម្បីឱ្យពួកគេមានឱកាស យកចំណេះជំនាញដែលពួកគេមាន អាចមកធ្វើការនៅតាមបណ្តាក្រុមហ៊ុន សហគ្រាស និងរោងចក្រនានា ក្នុងខេត្តយើងបាន ជៀសវៀងការធ្វើចំណាកស្រុកទៅក្រៅប្រទេសបន្តទៀត និងសូមកុំឱ្យមានការផ្លាស់ប្តូរលេខទូរស័ព្ទដែល កំពុងតែប្រើនេះ។

ឯកឧត្តមក៏បានសន្យាថានឹងរួមសុខរួមទុក្ខ ជាមួយបងប្អូនយើងគ្រប់ពេលវេលា ហើយនៅថ្ងៃបន្តបន្ទាប់ឯកឧត្តមនឹងបន្តចុះជួបសំណេះសំណាល សួរសុខទុក្ខ បងប្អូនយើង  នៅគ្រប់មណ្ឌលចត្តាឡីស័កនីមួយៗក្នុងខេត្ត ហើយដែលនឹងអាចវិលត្រឡប់មកទីនេះម្តងទៀតផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន ក៏បាននាំយកវត្ថុកំដរដៃ ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងដាក់ឱ្យធ្វើចត្តាឡីស័ក ចំនួន៨៦នាក់ ដោយក្នុងម្នាក់ៗ ទទួលបាន មី១កេស ទឹកសុទ្ធ៥ដប ត្រីខ១យួរ និងនំមួយកញ្ចប់ស្មើ២គីឡូក្រាម៕

Leave a Reply