នៅព្រឹក ត្រូវនឹងថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២១ លោកជំទាវ ខាំ ភៀន ប៊ូ ថង មាតាបង្កើត ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី និងឯកឧត្តម ប៊ូ ឡាំ អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី រួមជាមួយអាជ្ញាធរស្រុកមួយចំនួនបានអញ្ជើញ
ចូលរួមពិធីបេីកការដ្ឋានជួសជុលផ្លូវបេតុង ១ខ្សែ មានទទឹង ៥ម៉ែត្រ បណ្ដោយ ៣០០ម៉ែត្រ ដែលជាអំណោយដ៍ថ្លៃថ្លារបស់ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី។
តាមការលើកឡើងពី លោក ហេង សាវឿន អភិបាលស្រុកវើនសៃបានអោយដឹងថា ផ្លូវបេតុងមួយខ្សែនេះពិតជាមានសារៈសំខាន់ណាស់ ជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក៏ដូចជាសិស្សានុសិស្សមកពីឃុំកោះប៉ង់ ឃុំកោះពាក្យ ដើម្បីមកសិក្សានៅអនុវិទ្យាល័យកាចូន ឃុំកាចូនស្រុកវើនសៃ ។ ជាពិសេសជួយសម្រួលដល់ប្រជាពលរដ្ឋដឹកដំណាំកសិផលទៅលក់នៅទីផ្សារស្រុកវើនសៃផងដែរ ។
ក្នុងឱកាសនេះ លោក ហេង សាវឿន ជំនួសមុខឱ្យក្រុម
ប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកំលាំងប្រដាប់អាវុធទាំងបី អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទូទាំងស្រុកវើនសៃ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយក
ចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពីសំណាក់ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ដែលជានិច្ចកាល តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា៕