នាព្រឹកថ្ងៃសុក្រ១០រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងឯកឧត្តម រស់ ឆាយ សមាជិកក្រុមប្រឹក្សាខេត្តតំណាងឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជេីញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយះប្រព័ន្ធវីដេអូ ZOOM។
ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងលោកនាយករងរដ្ឋបាលសាលាខេត្ត។
ក្នុងកិច្ចប្រជុំបានពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន ៤ ដូចខាងក្រោម៖
ទី១. ការពិនិត្យ និងពិភាក្សាលើ សេចក្តីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ។
ទី២. ការពិនិត្យ និងសម្រេចលើ សេចក្ដីព្រាងក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ ដើម្បីអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិ ស្តីពី ប្រជាជន និងអភិវឌ្ឍន៍ ។
ទី៣. ការពិនិត្យ និងសម្រេចលើ គម្រោងវិនិយោគ កិច្ចព្រមព្រៀងវិនិយោគ និងលិខិតធានារបស់រាជរដ្ឋាភិបាល សម្រាប់ការវិនិយោគគម្រោងវិស័យអគ្គិសនី ចំនួន ២៣ គម្រោង សម្រាប់ ២០២៤-២០២៩។
ទី៤. បញ្ហាផ្សេងៗ។