នាព្រឹកថ្ងៃព្រហស្បតិ៍៩រោច ខែភទ្របទ ឆ្នាំរោង ឆស័កព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារខែតុលា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាអន្តរជាតិបាវិត និងព្រៃវល្លិ៍ លោក លោកស្រី មេធាវីប្រចាំរដ្ឋបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានខិតខំការពារសន្តិសុខសណ្តាប់ធ្នាប់ល្អជូនបងប្អូនប្រជាពលរដ្ឋ ។
ឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនៅទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១.មន្ទីរធនធានទឹក នឹងឧតុនិយមខេត្តត្រូវពិនិត្យតាមដានពីបញ្ហាអាកាសធាតុនៅក្នុងរដូវវស្សានេះ ជាពិសេសបញ្ហាជំនាន់ទឹកភ្លៀងជាដើម ក្នុងករណីកើតមានឡើងនៅក្នុងតំបន់ណាមួយដែលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ មន្ទីរនិងអាជ្ញាធរដែនដីត្រូវពិនិត្យដោះស្រាយ។
២.អាជ្ញាធរក្រុង ស្រុក កម្លាំងមានសមត្ថកិច្ចរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អ ក្នុងឱកាសថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ។
៣.មន្ទីរអប់រំ និងអាជ្ញាធរពាក់ព័ន្ធត្រូវត្រៀមលក្ខលក្ខណៈពិនិត្យរៀបចំបរិស្ថានសាលាដូចជា ចំណត់ កង់ ម៉ូតូ សម្រាប់ប្អូនៗ មកប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិដែលនិងឈានមកដល់នៅខែតុលាខាងមុខនេះ។
៤. មន្ទីរកសិកម្មខេត្តត្រូវពិនិត្យតាមដានការបង្ករបង្កើនផលស្រូវរបស់ប្រជាពលរដ្ឋ និងសង្កេតទៅលើបញ្ហាប្រឈមនានាដូចជា សត្វល្អិតបំផ្លាញ ការខ្វះខាតទឹក ជាដើម។
៥. អាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងគ្រប់មូលដ្ឋានទាំងអស់បន្តយកចិត្តទុកដាក់សហការបង្ក្រាបរាល់ក្មេងទំនើងដែលបង្ករការអុកឡុកប៉ះពាល់ដល់សណ្តាប់ធ្នាប់និងរបៀបរៀបរយក្នុងសង្គមមិនត្រូវលើកលែងឡើយ។
៦.បន្តការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ ដែលបង្ករដោយខ្យល់កន្ត្រាក់ ផ្គរន្ទះជាដើម នៅក្នុងរដូវវស្សានេះ។
៧.អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានម៉ឺងម៉ាត់។
៨.បន្តការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាព។