(ត្បូងឃ្មុំ)៖ព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណ រួមទាំងអភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរពាក់ព័ន្ធជុំវិញខេត្ត អញ្ជើញចុះជួបសំណេះសំណាលជាមួយកងកម្លាំងនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ព្រមទាំងឧបត្ថម្ភអង្ករ៤០បេ មី២០កេសធំ ម៉ាស១កេសធំ ទឹកសុទ្ធ១០០កេស និងថវិការចំនួន ៥,០០០,០០០រៀល។
ក្នុងឳកាសនោះ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមបណ្ឌិត អភិបាលខេត្ត និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលតែងតែបានជួយឧបត្ថម្ភគាំទ្រ ទាំងគ្រឿងឧបភោគ បរិភោគ និងថវិកា ដល់កងកម្លាំងនគរបាល ដែលជាសេនាធិការផ្ទាល់ជូន គណ:បញ្ជាការឯកភាពខេត្តរដ្ឋបាលខេត្ត ដោយនៅក្នុងស្ថានភាព ដែលយើងខ្ញុំកំពុងតែត្រូវការចាំបាច់ក្នុងការប្រយុទ្ធប្រឆាំង ការពារការឆ្លងរីករាលដាលមេរោគកូវីដ-១៩ នាពេលបច្ចុប្បន្ន។
មានប្រសាសន៍សំណេះសំណាល ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកឧត្តមសេនីយ៍ត្រី ស្នងការនគរបាលខេត្ត ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលទូទាំងខេត្ត ក្នុងការខិតខំការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ រក្សាបាននូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង០៨ចំនុច ពិសេសជាកម្លាំងយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ (COVID-19)នៅក្នុងខេត្តត្បូងឃ្មុំ។
ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានបញ្ជាក់ថាចំពោះអំណោយដែលផ្តល់ជូននាថ្ងៃនេះ សម្រាប់ប្រើប្រាស់ទ្រទ្រង់ជីវភាពកងកម្លាំង បម្រើ កិច្ចការការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ (COVID-19) ដែលកំពុងបង្កហានិភ័យដោយគំរាមកំហែងមកលើសុខភាព និងអាយុជីវិតប្រជាជនកម្ពុជា នាពេលបច្ចុប្បន្ន ។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានណែនាំក្រើនរំលឹកដល់ ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលទូទាំងខេត្តត្បូងឃ្មុំ នូវចំនុចមួយចំនួនរួមមាន
*ចុះពិនិត្យ វាយតម្លៃ តាមអធិការ និងតាមបណ្តាប៉ុស្តិ៍ទាំងអស់ ដើម្បីទទួលបានព័ត៍មានច្បាស់លាស់ពីការរអូរទាំ រឺសាទរពីពលរដ្ឋ។
*បន្តអនុវត្ត ៣កុំ ៣ការពារ ទោះចាក់វ៉ាក់សាំងហើយក្តី ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងបន្តជំងឺកូវីដ១៩
*មន្ត្រីដែលឈរជើងតាមព្រំដែន បន្តពង្រឹងការងារឲ្យមានប្រសិទ្ធភាពបំផុត រាល់ទំនិញចេញចូល និងការធ្វើដំណើរឆ្លងកាត់ទៅមក ត្រូវអនុវត្តទៅតាមវិធានសុខាភិបាល ពិសេសហាមដាច់ខាតមេខ្យល់ដែលនាំពលករចេញចូល បើមានមន្ត្រីទទួលសំណូក ត្រូវទទួលទោសតាមផ្លូវច្បាប់
*បន្តយកចិត្តទុកដាក់ រក្សាសន្តិសុខសណ្តាប់ធ្នាប់ ធានារក្សាបាននូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ពលរដ្ឋរស់នៅដោយមិនភិតភ័យនៅក្នុងមូលដ្ឋានសហគមន៍
*ជាពិសេសបន្តផ្តល់សេវាសាធារណៈឲ្យបានល្អ លឿន និងឆាប់រហ័ស ប្រកបដោយសុជីវធម៍ និងក្រមសីលធម៍ខ្ពស់ ក្នុងនាមជាអាណាព្យាបាល ដាច់ខាតមិនទទួលនូវសំណូក ដែលជាចំនុចដ៍រសើប ជាប្រភពប្រមូលបាននូវសមានចិត្តពីពលរដ្ឋ គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា៕