ខេត្ដកំពង់ចាម៖ ក្នុងគោលបំណងចូលរួមប្រយុទ្ធប្រឆាំង ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២១ នៅសាលាខេត្តកំពង់ចាម លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម បាននាំថវិកាចំនួន ៤លានរៀល និងតំណាងគ្រឹះស្ថានប្រសើរហ្វាយនែន(ម.ក) នាំយកម៉ាសចំនួន ៥.០០០ ម៉ាស , មីជាតិ ១០០កេស, ទឹកបរិសុទ្ធ ១០០ កេស , អាល់កុល ១៥០លីត្រ ប្រគល់ជូនឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្ត ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការនេះ ។
បន្ទាប់ពីប្រគល់ ទទួល ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រឆាំងជំងឺកូវីដ-១៩ ខេត្ត បានយកឱកាសនោះ ថ្លែងអំណរគុណចំពោះ លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម និងលោក-លោកស្រី ជាតំណាងគ្រឹះស្ថានប្រសើរហ្វាយនែន(ម.ក) ដែលបានឧបត្ថម្ភជាថវិកា និងសម្ភារៈ ដើម្បីចូលរួមក្នុងវិធានការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវិដ-១៩ ក្នុងខេត្តកំពង់ចាម ដែលកំពុងមានតម្រូវការចាំបាច់ សម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះ ជាពិសេសផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងអ្នកចំណូលស្រុក ដែលកំពុងស្នាក់នៅធ្វើចត្តាឡីស័ក តាមមណ្ឌលចត្តាឡីស័កក្នុងខេត្តកំពង់ចាមផងដែរ ។
សូមបញ្ជាក់ផងដែរថា នៅរសៀលថ្ងៃដដែលនេះ បើតាមលោក នួន ណុយ នាយករងរដ្ឋបាលខេត្តកំពង់ចាម បានប្រាប់ឲ្យដឹងថា មានអ្នកធ្វើចត្តាឡីស័ក នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម ត្រូវបានអនុញ្ញាតឲ្យចេញទៅផ្ទះចំនួន ២២ នាក់ បន្ទាប់ពីធ្វើតេស្ត អវិជ្ជមានកូវីដ-១៩ ចំនួន២លើក។ប្រជាពលរដ្ឋទាំង ២២នាក់នោះ មកពីស្រុកចំនួន៤ គឺ ស្រុកព្រៃឈរ ស្រុកជើងព្រៃ ស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់ ៕