លោកជំទាវ មិថុនា ភូថង អញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីសេវាកម្មគេហកិច្ចផ្នែកសណ្ឋាគារ កម្មវិធី Microsoft កម្រិតខ្ពស់ និងការជួសជុលម៉ាស៊ីន ធុនតូចវិស័យកសិកម្ម

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីសេវាកម្មគេហកិច្ចផ្នែកសណ្ឋាគារ កម្មវិធី Microsoft កម្រិតខ្ពស់ និងការជួសជុលម៉ាស៊ីន ធុនតូចវិស័យកសិកម្ម

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីសេវាកម្មគេហកិច្ចផ្នែកសណ្ឋាគារ កម្មវិធី Microsoft កម្រិតខ្ពស់ និងការជួសជុលម៉ាស៊ីន ធុនតូចវិស័យកសិកម្ម។

លោកជំទាវអភិបាលខេត្ត បានគូសបញ្ជាក់ថា ជំនួសមុខឱ្យថ្នាក់ដឹកនាំខេត្ត និងរូបនាងខ្ញុំផ្ទាល់ នាងខ្ញុំសូមអរគុណដល់មជ្ឈមណ្ឌល បណ្តុះបណ្តាលបច្ចេកទេស និងអភិវឌ្ឍន៍ជំនាញខេត្តត្រាត នៃព្រះរាជាណាចក្រថៃឡង់ ដែល បានផ្តល់កិច្ចសហប្រតិបត្តិការ ជាមួយវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង ក្នុងការបើក វគ្គបណ្តុះបណ្តាល “សេវាកម្មគេហកិច្ចផ្នែកសណ្ឋាគារ កម្មវិធី Microsoft កម្រិតខ្ពស់ និងការជួសជុលម៉ាស៊ីនធុនតូចវិស័យកសិកម្ម” រយៈពេល០៥ថ្ងៃ ដោយគិតចាប់តាំងពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ ដល់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ដោយបានទទួលនូវលទ្ធផលល្អប្រសើរ ប្រកបដោយប្រសិទ្ធភាពតាមផែនការដែលគ្រោងទុក ដែលនេះគឺជាកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាង រាជរដ្ឋាភិបាលថៃ ជាមួយនឹងអាជ្ញាធរខេត្តកោះកុង។ ជាមួយគ្នានេះ នាងខ្ញុំក៏សូមសម្តែងនូវការអបអរសាទរ ចំពោះប្អូនៗ ក្មួយៗ សិក្ខាកាមទាំងអស់ ដែលបានខិតខំ ព្យាយាមរៀនសូត្រ រហូតទទួលបានចំណេះដឹង និងជំនាញថ្មីៗបន្ថែមទៀត ពីគ្រូឧទ្ទេសនាម តាំងពីដើមរហូតដល់ចប់ ហើយទទួលបានលទ្ធផលល្អគួរជាទីមោទកៈបំផុត។ ផ្អែកតាមរបាយការណ៍ វិទ្យាស្ថានពុហុបច្ចេកទេសខេត្តកោះកុង ដែលបានឡើងថ្លែងនៅពេលអម្បាញ់មិញនេះ ពិតជាបានបង្ហាញយ៉ាងច្បាស់ថា វគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្អូនៗ សិក្ខាកាមទាំងអស់ដើម្បី “ស្វែងយល់លើមុខរបរសម្រាប់បណ្តុះបណ្តាលវិជ្ជាជីវៈផ្អែកលើសមត្ថភាព” ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារពលកម្មនៅក្នុងប្រទេសក៏ដូចជានៅក្នុងតំបន់នាពេលអនាគត និង បានចូលរួមចំណែកជួយកាត់បន្ថយអត្រានៃភាពក្រីក្ររបស់ប្រជាជន ស្របតាមគោល នយោបាយបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំសូមគូសបញ្ជាក់សារជាថ្មី នូវអ្វីដែលនាងខ្ញុំបានជម្រាបជូន កាលពីថ្ងៃបើកវគ្គបណ្តុះបណ្តាលថា៖ ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ត្រូវបានចាត់ ទុកជាយុទ្ធសាស្ត្រមួយសម្រាប់កាត់បន្ថយភាពក្រីក្រ និងធ្វើឱ្យមានការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម នៃប្រទេសជាតិយើងដូចពាក្យស្លោកពោលថា “ កម្លាំងពលកម្មដែលទទួលបានការអប់រំ និងការបណ្តុះបណ្តាលល្អ ជាគុណសម្បត្តិក្នុងការប្រកួតប្រជែងដ៏សំខាន់ ដែលប្រទេសជាតិកំពុងត្រូវការ” ដូចនេះ យុវជន យុវនារី យើងត្រូវបង្កើនកិច្ចខិតខំ ប្រឹងប្រែងឱ្យបានខ្លាំងក្លា ដើម្បីផលិតធនធានមនុស្សឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ ប្រកបដោយគុណភាពខ្ពស់ដែលជាតម្រូវការនៃវិស័យឧស្សាហកម្ម នាពេលបច្ចុប្បន្ន សំដៅ រួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរីកចម្រើនដូចបណ្តាប្រទេសនានាក្នុងតំបន់ និងនៅលើសកលលោក។

ជាមួយគ្នានេះ នាងខ្ញុំសង្ឃឹមថា តាមរយៈការសិក្សារៀនសូត្រ របស់ប្អូនៗ សិក្ខាកាមនា ពេលនេះ ប្អូនៗនឹងអាចយកចំណេះដឹង ជំនាញទាំងនេះ ទៅប្រកបមុខរបរ ឬធ្វើការងារនៅតាមវិស័យឯកជន និងរោងចក្រជាដើម។ ទន្ទឹមនេះ សូមប្អូនៗ ជួយធ្វើការផ្សព្វផ្សាយបន្ត ដល់យុវជនយើងដ៏ទៃទៀត ឱ្យមកចុះឈ្មោះចូលរៀននៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង ឱ្យបានច្រើនថែមទៀត ដើម្បីអនាគតត្រចះត្រចង់។

នាងខ្ញុំក៏មានជំនឿជាក់ផងដែរ ថា នាពេលអនាគតដ៏ខ្លីខាងមុខ យុវជនវ័យក្មេងកម្ពុជានឹងនាំគ្នាមកចុះឈ្មោះចូលរៀននៅគ្រឹះស្ថានបណ្តុះបណ្តាលនេះកាន់តែច្រើនឡើង ដោយសារតែ ពួកគេមានការជឿជាក់ថា ប្រព័ន្ធបណ្តុះបណ្តាលនៅទីនេះ គឺអាចធ្វើឱ្យពួកគេងាយស្រួលរកការងារធ្វើ និងអាចទទួលបានប្រាក់កម្រៃសមរម្យសម្រាប់ពួកគេនិងគ្រួសារ ក្រោយពីបញ្ចប់ការសិក្សា៕

ថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤