លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងខេត្តកោះកុង។
លោកជំទាវអភិបាលខេត្ត បានលើកឡើងថាឆ្លៀតយកឱកាសនេះ នាងខ្ញុំសូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមប្រឹក្សាក្រុង ស្រុក គណៈអភិបាលខេត្តក្រុង ស្រុក មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំង ប្រដាប់អាវុធ និងជាពិសេសគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក និងអាជ្ញាធរភូមិ ឃុំ សង្កាត់ ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទី ភារកិច្ច ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការធានាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការខិតខំចូលរួមយ៉ាងសកម្មក្នុងការអនុវត្តវិធានការនានារបស់ប្រមុខរាជរដ្ឋាភិបាល។
ទន្ទឹមនេះ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក៏បានខិតខំរួមគ្នា ថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងបានរៀបចំ ផែនការបានទាន់ពេលវេលា ដោយបានគ្រប់គ្រងសភាពការណ៍ក្នុងខេត្តកោះកុងទាំងមូលបានយ៉ាង ល្អប្រសើរ ពិសេសការទប់ស្កាត់ និងការពារសន្តិសុខ ដើម្បីទប់ស្កាត់ក្រុមចលនាជ្រុលនិយម ដែល បានគ្រោងធ្វើបាតុកម្មប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាល កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក និងអាជ្ញាធរ ឃុំ សង្កាត់ បានរៀបចំផែនការសកម្មភាព និងបានផ្សព្វផ្សាយខ្លឹមសារនៃ “កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម CLV-DTA” ជូនដល់ លោកគ្រូ អ្នកគ្រូ កម្មករ កម្មការនី និង បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងគោលបំណងបញ្ជាបការយល់ដឹងពីខ្លឹមសារ វិសាលភាព និងគុណប្រយោជន៍នានា ដែលប្រទេសកម្ពុជានឹងទទួលបាន ពីកិច្ចសហប្រតិបត្តិការ CLV-DTA ក៏ដូចជាការបង្ហាញឱ្យឃើញកាន់តែច្បាស់ពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលលើកិច្ចសហ ប្រតិបត្តិការនេះ និងជាពិសេសគឺ ដើម្បីលុបបំបាត់ព័ត៌មាន បំផុសបំផុលនានា ដែលពួកជ្រុល និយមកំពុងញុះញុង និងផ្សព្វផ្សាយបំភ្លៃការពិតនៅឯក្រៅប្រទេស និងក្នុងប្រទេសផងដែរ។
ផ្អែកតាមផែនការ លេខ០២ ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាល ដែល លោក ហាក់ ឡេង អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្ត គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង បានអាន នាពេលអម្បាញ់មិញនេះ នាងខ្ញុំសូមគូសបញ្ជាក់បន្ថែមដូចខាងក្រោម ៖
-រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ត្រូវបន្តយកចិត្តទុកដាក់ ក្នុងការផ្សព្វផ្សាយ អប់រំឱ្យបានទូលំទូលាយនៅមូលដ្ឋានរបស់ខ្លួន តាមគ្រប់រូប គ្រប់មធ្យោបាយ ជាប្រចាំជូនដល់សាធារណៈជន គ្រប់ស្រទាប់វណ្ណៈ ឱ្យបានយល់ជ្រួលជ្រាបពីឧបាយកលពិសពុលរបស់ពួកនិន្នាការ ប្រឆាំងជ្រុលនិយម ដោយត្រូវចូលរួមគាំទ្រជាមួយរាជរដ្ឋាភិបាល ហើយមិនត្រូវចូលរួមក្នុងសកម្មភាព កុបកម្ម ឬបាតុកម្មណាមួយឡើយ ហើយត្រូវរាយការណ៍ជាបន្ទាន់រាល់សកម្មភាពមិនប្រក្រតី ជូនមក អាជ្ញាធរមានសមត្ថកិច្ច ឱ្យបានទាន់ពេលវេលា។
-ក្រុមការងារព័ត៌មានរបស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាព ជុំវិញខេត្ត ត្រូវបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយព័ត៌មានគាំទ្ររាជរដ្ឋាភិបាល និងត្រូវប្រើគ្រប់មធ្យោបាយ គ្រប់ រូបភាព ដើម្បីប្រតិកម្មវាយបកទៅនឹងឧបាយកល ឃោសនាបោកបញ្ឆោត បង្កភាពស្រពេចស្រពិល របស់ក្រុមនិន្នាការប្រឆាំងជ្រុលនិយមទាំងក្នុង និងក្រៅប្រទេស ដែលប៉ុនប៉ងប្រើប្រាស់កុបកម្ម ឬបដិវត្តពណ៌ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ឱ្យប្រែក្លាយទៅជាចលនារួមក្នុងសង្គម ក្នុងន័យចូលរួមគាំទ្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់។
-រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាព ជុំវិញខេត្តទាំងអស់ ត្រូវបន្តយកចិត្ត ទុកដាក់ក្តាប់សភាពការណ៍ ការប្រែប្រួលនានា របស់មុខសញ្ញាមេខ្លោង នៃក្រុមប្រឆាំងជ្រុលនិយម ក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវបន្តពង្រឹងលើការងារស្រាវជ្រាវ ដើម្បីមានមូលដ្ឋានក្នុងការវិភាគវាយតម្លៃ និងដាក់ចេញ វិធានការបង្ការ ទប់ស្កាត់ឱ្យបានទាន់ពេលវេលា និងមិនត្រូវទុកឱ្យមាន ហេតុការណ៍ណាមួយកើតឡើង ដែលធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពនយោបាយ ខឿនសន្តិសុខ សណ្តាប់ធ្នាប់ កើតឡើងបានឡើយ។
-គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធទាំង៣ ត្រូវបន្តបំផុស ចលនាចូលរួមអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ដោយប្រើប្រាស់កម្លាំងឱ្យ អស់លទ្ធភាព ដូចជាប្រជាការពារ ក្នុងការអនុវត្តផែនការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ សំដៅរួមចំណែកក្នុងការពង្រឹងស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់នៅតាមមូលដ្ឋាន នីមួយៗឱ្យមានប្រក្រតីភាព និងភាពសុខក្សេមក្សាន្តនៅក្នុងសហគមន៍ ព្រមទាំងបន្តជំរុញការ យាមល្បាតត្រួតពិនិត្យអាវុធជាតិផ្ទុះ តាមដងផ្លូវជាតិ ផ្លូវក្នុងខេត្ត និងនៅក្នុងមូលដ្ឋានឱ្យបានជាប់ជាប្រចាំ៕
ថ្ងៃសុក្រ ១១ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤