ភ្នំពេញ ៖ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវការខកចិត្តនិងសោកស្តាយបំផុតចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុប នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ស្តីពីការជំនុំជម្រះក្តីប្រឆាំងនិងជនល្មើសច្បាប់នៅកម្ពុជា (២០២១/២៥៧៩(RSP)) ។
សេចក្តីសម្រេចនេះ ធ្វើឡើងដោយគ្មានមូលដ្ឋានច្បាប់ មានចរិតលំអៀង និងក្រោមហេតុផលនយោបាយ និងលើកទឹកចិត្តឱ្យក្រុមឧក្រិដ្ឋជនប្រឆាំងជាមួយរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈការបម្រើ របៀបវារៈនយោបាយរបស់បរទេសប្រឆាំងជាតិឯង។
ការទាមទារឱ្យទម្លាក់ការចោទប្រកាន់លើជនជាប់ចោទ និងលុបចោលការផ្តន្ទាទោស និងការកាត់ទោសជនល្មើសដោយតុលាការកម្ពុជា គឺជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាដែលជារដ្ឋអធិបតេយ្យ និងជាការរំលោភលើឯករាជ្យភាពរបស់តុលាការកម្ពុជា ដែលមិនអាចជ្រៀតជ្រែកបានជាដាច់ខាត។ ការជំនុំជម្រះក្តីលើបុគ្គលដែលជាអតីតមេដឹកនាំ និងសកម្មជនប្រឆាំង ព្រមទាំងមន្រ្តីសង្គមស៊ីវិលដែលបានរំលោភបំពានច្បាប់កន្លងមក ត្រូវបានធ្វើឡើងដោយផ្អែកលើមូលដ្ឋានអង្គហេតុ(ភស្តុតាងរឹងមាំ) និងស្របតាមច្បាប់ជាធរមានរបស់កម្ពុជា។ សិទ្ធិរបស់ជនជាប់ចោទក្នុងការការពារខ្លួន នីតិវិធីសវនាការប្រព្រឹត្តទៅត្រឹមត្រូវ ធានាយ៉ាងពេញលេញដោយច្បាប់ ហើយការជំនុំជម្រះត្រូវបានធ្វើឡើងជាសាធារណៈ ដោយមានវត្តមានមេធាវីការពារចុងចោទ អង្គទូត និងអង្គការសង្គមស៊ីវិល នៅក្នុងបន្ទប់សវនាការ។
ដូចគ្នាទៅនឹងប្រទេសប្រជាធិបតេយ្យដទៃទៀតដែរ ការអនុវត្តច្បាប់ទៅលើបុគ្គលដែលប្រើប្រាស់សិទ្ធិសេរីភាពហួសដែនកំណត់ដោយច្បាប់ ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ មិនត្រូវចាត់ទុកជាការរឹតត្បិតខាងនយោបាយ ឬលំហប្រជាធិបតេយ្យនោះទេ។
ព្រះរាជាណាចក្រកម្ពុជា ប្តេជ្ញាបន្តគោរពគោលការណ៍នីតិរដ្ឋ ប្រជាធិបតេយ្យ សេរីពហុបក្ស និងធានានូវការអនុវត្តសិទ្ធិសេរីភាពទាំងឡាយ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងសុខុមាលភាពរបស់ប្រជាជន ៕