កូរ៉េខាងជើង ៖ ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង អ្នកនាង គីម យ៉ូជុង (Kim Yo Jong) បានព្រមានរដ្ឋបាលថ្មីរបស់អាមេរិកថា «កុំបង្កបញ្ហា» ប្រសិនបើចង់បានសន្តិភាព និងរិះគន់សមយុទ្ធយោធាដែលកំពុងធ្វើឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ។ នេះបើទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង។
សេចក្តីថ្លែងការណ៍របស់ អ្នកនាង គីម យ៉ូជុង (Kim Yo Jong) បានធ្វើឡើងកាលពីថ្ងៃអង្គារម្សិលមិញ ពោលគឺមួយថ្ងៃមុនរដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីការបរទេសអាមេរិកធ្វើដំណើរទៅដល់ទីក្រុងសេអ៊ូលសម្រាប់កិច្ចពិភាក្សាលើកដំបូងរបស់ពួកគេជាមួយសមភាគីកូរ៉េខាងត្បូង។
រដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក អេនថូនី ប្លីងគែន (Antony Blinken) និង លោក ឡយ អូស្ទីន (Lloyd Austin) កំពុងបំពេញទស្សនកិច្ចនៅក្នុងទ្វីបអាស៊ីនៅសប្តាហ៍នេះដើម្បីពិភាក្សាអំពីគោលនយោបាយការបរទេស និងសន្តិសុខជាមួយសម្ព័ន្ធមិត្តនៅក្នុងប្រទេសជប៉ុន និងកូរ៉េខាងត្បូង រួមនិងប្រទេសផ្សេងទៀត។
អាមេរិកបានប្រកាសកាលពីថ្ងៃច័ន្ទថា ប្រទេសកូរ៉េខាងជើងបានបដិសេធការទទូចរបស់អាមេរិកដែលសុំឲ្យកូរ៉េខាងជើងចូលរួមក្នុងការពិភាក្សា ក្នុងគ្រាដែលភាពតានតឹងនៅក្នុងទំនាក់ទំនងរបស់ប្រទេសទាំង២ដែលបានចាប់ផ្តើមនៅក្រោមការដឹកនាំរបស់ ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នោះ បានបន្តមកដល់រដ្ឋបាល លោក ចូ បៃដិន (Joe Biden)។
សូមជម្រាបថា កងទ័ពកូរ៉េខាងត្បូង និងអាមេរិកបានចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នាកាលពីសប្តាហ៍មុន ប៉ុន្តែជាសមយុទ្ធធ្វើឡើងក្នុងប្រព័ន្ធកុំព្យូទ័រ ប៉ុណ្ណោះដើម្បីបង្ការការឆ្លងវីរុសកូវីដ-១៩ និងក៏ដើម្បីព្យាយាមទាក់ទងជាមួយកូរ៉េខាងជើងផងដែរ៕