សម្ដេចតេជោ ហ៊ុន សែន សម្រេចតែងតាំងលោកជំទាវ ឱ វណ្ណឌីន ជាប្រធានទទួលបន្ទុកដឹកនាំការចាក់វ៉ាក់សាំងទូទាំងប្រទេស

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចតែងតែលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ជាប្រធានគណៈកម្មការចំពោះកិច្ចទទួលបន្ទុកដឹកនាំការចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេស។

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចតែងតែលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ជាប្រធានគណៈកម្មការចំពោះកិច្ចទទួលបន្ទុកដឹកនាំការចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេស។

តាមរយៈសំឡេងមួយនៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្គាប់ការឱ្យ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តែងតាំងលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ធ្វើជាប្រធានគណៈកម្មការចំពោះកិច្ចលើការងារចាក់វ៉ាក់សាំងកូវីដ-១៩។ សម្តេចបានគូសបញ្ជាក់នៅក្នុងសារសំឡេងនោះថា ការបង្កើតគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ និងតែងតាំងលោកជំទាវ ឱ វណ្ណឌីន ធ្វើជាប្រធាននេះ ដើម្បីដឹកនាំការងារចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានលឿន។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដូច្នេះ «ដើម្បីឱ្យការងារនេះ ឈានទៅមុខបានល្អប្រសើរ ខ្ញុំស្នើសុំឱ្យមានការរៀបចំគណៈកម្មការចំពោះកិច្ចមួយ ដើម្បីទទួលបន្ទុករាប់រងក្នុងការចាក់វ៉ាក់សាំងទាំងក្នុងផ្នែកស៊ីវិល ទាំងក្នុងផ្នែកកងទ័ព ផ្នែកនគរបាល។ ហើយខ្ញុំសូមចង្អុលការ សូមតែងតាំងលោកជំទាវ ឱ វណ្ណឌីន ធ្វើជាប្រធានគណៈកម្មការចំពោះកិច្ចទទួលបន្ទុកគ្រប់គ្រង ដឹកនាំការចាក់វ៉ាក់សាំងនៅក្របខណ្ឌទូទាំងប្រទេស ដោយរៀបចំផែនការមេបន្តពីជំហ៊ានដែលយើងកំពុងធ្វើសព្វថ្ងៃនេះ»។

សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់សិទ្ធិឱ្យលោកជំទាវ ឱ វណ្ណឌីន ជ្រើសអនុប្រធាន ក៏ដូចជាសមាជិក សមាជិកា មកពីក្រសួងស្ថាប័ន សម្រាប់គណៈកម្មការចំពោះកិច្ចនេះផងដែរ។ បន្ថែមលើនោះ ដើម្បីឱ្យការចាក់វ៉ាក់សាំងកូវីដ-១៩ ទាន់សភាពការណ៍នៅទូទាំងប្រទេសសម្តេចតេជោបានណែនាំឱ្យលោកជំទាវ ឱ វណ្ណឌីន បង្កើតអនុគណៈកម្មការនៅតាមរាជធានី ខេត្តផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅក្នុងពេលខាងមុខកម្ពុជ អាចមានលទ្ធភាពទទួលបានវ៉ាក់សាំងកូវីដ-១៩ ប្រមាណ១.៥លានដូសទៀត។ ដូច្នេះសម្តេចតេជោបានណែនាំឱ្យកំណត់មុខសញ្ញាត្រូវចាក់វ៉ាក់សាំង មានដូចជាគ្រូបង្រៀន ដែលត្រូវចាក់ដំបូងសម្រាប់គ្រូនៅភ្នំពេញ កណ្តាល ព្រះសីហនុ កោះកុង និងព្រៃវែង។

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យគិតគូររៀបចំផែនការចាក់សម្រាប់អ្នកលក់ដូរនៅតាមផ្សារ ក៏ដូចជាមុខសញ្ញាសំខាន់ៗដទៃទៀត។ ជាពិសេសក្នុងក្របខណ្ឌក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមមានកម្មករ កម្មារិនីផងដែរ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសម្តែងការសង្ឃឹមថា ឯកឧត្តម ម៉ម ប៊ុនហេង និងលោកជំទាវ ឱ វណ្ណឌីន ធ្វើការងារចាក់វ៉ាក់សាំងកូវីដ-១៩ នេះបានល្អ និងមានប្រសិទ្ធភាពខ្ពស់៕

Leave a Reply