ពិធីសំណេះសំណាលជាមួយ សិស្សានុសិស្ស និងគ្រូបង្គោល កម្មវិធី”មនសិការពលរដ្ឋល្អ” ខេត្តកណ្ដាល ជំនាន់ទី១

ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងលោកជំទាវ ស្រួយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំយុវជន និងកីឡា អញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាលជាមួយ សិស្សានុសិស្ស និងគ្រូបង្គោល កម្មវិធី"មនសិការពលរដ្ឋល្អ" ខេត្តកណ្ដាល ជំនាន់ទី១ នៅសាលប្រជុំសាលាខេត្តកណ្ដាល

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងលោកជំទាវ ស្រួយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំយុវជន និងកីឡា អញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាលជាមួយ សិស្សានុសិស្ស និងគ្រូបង្គោល កម្មវិធី”មនសិការពលរដ្ឋល្អ” ខេត្តកណ្ដាល ជំនាន់ទី១ នៅសាលប្រជុំសាលាខេត្តកណ្ដាល។

លោកជំទាវ ស្រួយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំយុវជន និងកីឡា មានប្រសាសន៍ថា៖ កម្មវិធី «មនសិការពលរដ្ឋល្អ» ត្រូវបានបង្កើតឡើងដោយអនុស្សារណៈយោគយល់គ្នារវាងក្រសួងអប់រំ យុវជន និង កីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងគោលបំណងបណ្តុះមនសិការ គំនិតច្នៃប្រឌិត ភាពជាអ្នកដឹកនាំ ភាពជាពលរដ្ឋល្អ និងផ្តល់ឱ្យយុវជនមានឱកាសចូលរួមក្នុងការងារស្ម័គ្រចិត្ត ការងារសង្គម ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេស ក្នុងនាមជាពលរដ្ឋល្អ ។

លោកជំទាវបន្តថា៖ កម្មវិធីនេះត្រូវបានដាក់ឱ្យអនុវត្តសាកល្បងក្នុងឆ្នាំទី១ ចំពោះរាជធានី ខេត្ត គោលដៅចំនួន៧ រួម មាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដោយត្រូវអនុវត្តរយៈពេល៣ខែ ចាប់ពីខែឧសភា ដល់ខែកក្កដា ឆ្នាំ២០២៤ ក្នុងនោះខេត្តកណ្ដាលត្រូវបានជ្រើសរើសយកវិទ្យាល័យចំនួន៣ រួមមាន៖ វិទ្យាល័យ ហ៊ុន សែន វិទ្យាល័យ ហ៊ុន សែន ស្អាង និងវិទ្យាល័យ ហ៊ុន សែន អង្គស្នួល ។

លោកជំទាវ បន្ថែមថា៖ កម្មវិធី «មនសិការពលរដ្ឋល្អ»នេះ បានធ្វើឱ្យសិស្សានុសិស្សមានទំនុកចិត្ត និងភាពក្លាហានក្នុងការឆ្លើយសំណួរ ជជែកវែកញែកក្នុងក្រុមពិភាក្សា និងឡើងធ្វើបទបង្ហាញ ជាងមុនពេលដែលពួកគាត់មិនទាន់បានរៀនក្នុងក្លឹប។ សិស្សបានទទួលនូវចំណេះដឹងថ្មី យុទ្ធវិធីក្នុងការបង្រៀនថ្មី ប្លែក និងមានសារប្រយោជន៍ជាច្រើនសម្រាប់ការសិក្សា និងសម្រាប់ជាបំណិនក្នុងជីវិតពិត ដែលក្នុងសៀវភៅសិក្សាមិនទាន់ត្រូវបានបញ្ចូល។

មានប្រសាសន៍សំណេះសំណាល ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ ការបណ្ដុះបណ្ដាលធនធានមនុស្សត្រូវចំណាយពេលយូរ ប៉ុន្តែការបណ្ដុះបណ្ដាលធនធានមនុស្ស គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រទេសជាតិយើង ហើយការបណ្ដុះបណ្ដាលធនធានមនុស្សនេះ គឺស្ថិតក្នុងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ឯកឧត្តមអភិបាលខេត្ត បន្តថា៖ កម្មវិធី «មនសិការពលរដ្ឋល្អ» ពិតជាមានសារៈសំខាន់ណាស់ សម្រាប់សិស្សានុសិស្សក្នុងការពន្លឿនការសិក្សា ការចែករំលែកនូវការសិក្សា ព្រមទាំងបានជួយជំរុញការសិក្សាឱ្យទទួលបានជោគជ័យ និងទទួលបានលទ្ធផលល្អនៅពេលប្រលង។ ជាងនេះទៀត ចំណេះដឹងគឺជាទ្រព្យសម្បត្តិដ៏មហាសាល នៅពេលដែលអ្នកសិក្សាទាំងអស់បានប្រើវាចំគោដៅ បន្ថែមពីនេះ កម្មវិធីមនសិការពលរដ្ឋល្អ បានធ្វើឱ្យសិស្សានុសិស្សបានយល់ការច្បាស់ និងបានចូលរួមជាមួយនូវការងារសង្គមផ្សេងៗជាច្រើន។ បន្ថែមពីនេះឯកឧត្តមអភិបាលខេត្ត បានសំណូមពរដល់សិស្សានុសិស្សដែលជាសមាជិកមនសិកាពលរដ្ឋល្អ ត្រូវធ្វើជាគំរូល្អនៅក្នុងសង្គម ដោយគោរពច្បាប់ចរាចរណ៍ មិនត្រូវធ្វើក្មេងទំនើង ពិសេសមិនត្រូវប្រព្រឹត្តអ្វីដែលសង្គមស្អប់ខ្ពើមឡើយ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានជម្រាបជូនសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូទាំងអស់ ពីតម្លៃនៃសន្តិភាព ដោយឯកឧត្តមបានលើកឡើងថា ប្រទេសកម្ពុជារបស់យើងធ្លាប់បានឆ្លងកាត់រួចមកហើយនូវសង្គ្រាម ដែលយើងមិនអាចបំភ្លេចបាន ហើយសង្គ្រាមបានធ្វើឱ្យយើងគ្រប់គ្នាបាត់បង់នៅសាច់ញាតិ គ្រួសារ និងវិនាសព្រាត់ប្រាស់ ទម្រាំយើងទទួលបានសន្តិភាពដូចសព្វថ្ងៃនេះ យើងបានលះបង់នូវវីរជនស្នេហាជាតិជាច្រើនដែលបានពលីជីវិតក្នុងបុព្វហេតុស្វែងរកសន្តិភាព ដូចនេះសូមសិស្សានុសិស្សដែលជាយុវជនជំនាន់ក្រោយ កុំជឿតាមការញុះញង់ពីជនអគតិ ដែលមានមហិច្ឆតាចង់បំផ្លាញសន្តិភាព និងត្រូវចូលរួមក្នុងការការពារសុខសន្តិភាពឱ្យបានគង់វង្សយូរអង្វែង ដើម្បីឱ្យប្រទេសជាតិរបស់យើងបានបន្តការអភិវឌ្ឍជាបន្តបន្ទាប់ទៀត។