លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានទទួលស្វាគមន៍ លោកស្រី SUNG YING នាយកប្រចាំក្រុមហ៊ុន តារាសាគរ ក្នុងទស្សនកិច្ច ពិភាក្សាការងារ ក្នុងការស្វែងរកឱកាស និងសិក្សាស្វែងយល់ពីសក្តានុពលផ្សេងៗរបស់ខេត្ត សម្រាប់ធ្វើការវិនិយោគ លើទឹកដីខេត្តកោះកុង។
ថ្ងៃនេះជំនួសមុខឱ្យថ្នាក់ដឹកនាំខេត្ត និងក្នុងនាមនាងខ្ញុំផ្ទាល់ ព្រមទាំងសហការីទាំងអស់នៅទីនេះ មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ព្រះតេជព្រះគុណ ព្រះមង្គលបញ្ញា បណ្ឌិត និងលោកស្រី នាយកប្រចាំក្រុមហ៊ុន តារាសាគរ ព្រមទាំងអស់លោក លោកស្រីប្រតិភូ ទាំងអស់ ដែលបានចំណាយពេលវេលាដ៌មមារញឹក និងមានតំលៃ អញ្ជើញមកបំពេញបេសកកម្ម ក្នុងគោលបំណង ធ្វើទស្សនកិច្ច ពិភាក្សាការងារ ក្នុងការស្វែងរកឱកាស និងសិក្សាស្វែងយល់ពីសក្តានុពលផ្សេងៗរបស់ខេត្ត សម្រាប់ធ្វើការវិនិយោគ លើទឹកដីខេត្តកោះកុងរបស់យើងខ្ញុំនាពេលនេះ។ ជាថ្មីម្តងទៀត ជំនួសមុខឱ្យថ្នាក់ដឹកនាំខេត្ត ប្រជាពលរដ្ឋ នៅក្នុងខេត្តកោះកុងទាំងអស់ និងក្នុងនាមនាងខ្ញុំផ្ទាល់ ពិតជាមានសេចក្តីត្រេកអរ រីករាយ និងសូមគាំទ្រ លើកទឹកចិត្ត ជ្រោមជ្រែងអស់ពីលទ្ធភាព ចំពោះគោលបំណង ក្នុងការធ្វើការវិនិយោគរបស់ប្រតិភូដើម្បីឱ្យខេត្តកោះកុងយើងខ្ញុំកាន់តែរីកចម្រើនលើគ្រប់វិស័យ ជាបន្តបន្ទាប់បន្ថែមនាពេលអនាគត។
ជាទីបញ្ចប់ នាងខ្ញុំសូមគោរពថ្វាយពរ ព្រះតេជព្រះគុណ ព្រះមង្គលបញ្ញា បណ្ឌិត និងសូមគោរពជូនពរលោកស្រី នាយកប្រចាំក្រុមហ៊ុន តារាសាគរ ព្រមទាំង លោក លោកស្រីប្រតិភូទាំងអស់ សូមទទួលបានសុខភាពល្អបរិបូរណ៍។
ថ្ងៃចន្ទ ៧ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤