នាព្រឹកថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០២៤ លោកឧកញ៉ា លី ខុងថៃ ប្រធានសហព័ន្ធរោងចក្រកាត់ដេរ បានដឹកនាំប្រតិភូចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នៅសាលប្រជុំ កង ហ៊ាង អគាររដ្ឋបាលខេត្តកំពង់ស្ពឺ ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ មានប្រសាសន៍ថា៖ ក្នុងនាមក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្ត ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ឯកឧត្តមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលជាម្ចាស់រោងចក្រ បានមកបណ្ដាក់ទុននៅក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសខេត្តកំពង់ស្ពឺ ធ្វើឲ្យចំណូលប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺមានការកើនឡើងបានមួយកម្រិតទៀត GDP ប្រមាណជាង 2000 លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំៗ។
ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម សូមលោកទឹកចិត្តដល់សហព័ន្ធ ជាអ្នកវិនិយោគទុនទាំងអស់ ពង្រីកវិសាលភាពក្នុងការបង្កើតរោងចក្រសហគ្រាសបន្ថែមទៀត នៅលើទឹកដីខេត្តកំពង់ស្ពឺ។ ហើយរដ្ឋបាលខេត្ត និងរៀបចំសណ្ដាប់ធ្នាប់សាធារណៈជូនដល់អ្នកវិនិយោគទុន ដែលបានមកបណ្តាក់ទុន រកស៊ីក្នុងខេត្តកំពង់ស្ពឺ ហើយសង្ឃឹមថាលោកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីម្ចាស់រោងចក្រសហគ្រាសទាំងអស់ នឹងសហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ។
ជាមួយគ្នានោះផងដែរឯកឧត្តម ក៏បានសំណូមពរលោកឧកញ៉ា ជាម្ចាស់សាលាសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ឆាប់ៗខាងមុខនេះសង្ឃឹមយ៉ាងមុតមាំថា លោកឧកញ៉ា និងរៀបចំឲ្យមានអាហារូបករណ៍សម្រាប់កូនប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ជាពិសេសមន្ត្រីរាជការសាលាខេត្ត និងមន្ទីរ អង្គភាពជុំវិញខេត្តកំពង់ស្ពឺ បានចូលរៀន នឹងទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀតផងដែរ៕