តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ រួមជាមួយនឹងមន្រ្តីពាក់ព័ន្ធ នៅព្រឹកថ្ងៃអង្គារិ៍ ទី១៦ ខែមីនា ឆ្នាំ២០២១នេះ បានចុះត្រួតពិនិត្យបរិវេណនៃទីតាំងវត្តតុំ ដែលស្ថិតនៅក្នុងភូមិបិនម៉ៅ សង្កាត់រការក្រៅ ជាយក្រុងដូនកែវ ខេត្តតាកែវ ធ្វើជាទីតាំងសម្រាប់ ឈាបនដ្ឋានបូជាសព អ្នកជំងឺកូវីដ១៩។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា បានថ្លែងឱ្យដឹងថា ការសម្រេចជ្រើសយកទីតាំងវត្តតុំនេះ គឺបន្ទាប់ពីបានពិភាក្សាគ្នាជាមួយនឹងមន្ទីរពាក់ព័ន្ធ នឹងព្រះមេគណខេត្ត និងជាព្រះចៅអធិការវត្តតុំ ដោយព្រះអង្គយល់ព្រមផ្ដល់ដីមួយកន្លែងនៅក្នុងទីតាំងវត្ត សម្រាប់រៀបចំធ្វើជាកន្លែងបូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ19 ដោយគិតគូរពីសុវត្ថិភាព និងមិនឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនោះទេ។
ឯកឧត្តមអភិបាលខេត្តតាកែវ បានថ្លែងបន្តថា បច្ចុប្បន្ននេះ មន្រ្តីជំនាញសូរិយោដីកំពុងតែចុះទៅវាស់វែង និងសិក្សាពីប្លង់ដើម្បីរៀបចំសាងសង់ឡបូជាសពអ្នកជំងឺកូវីដ-១៩ អោយបានលឿនបំផុតទៅតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ៕