ខេត្តកែប ÷ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត អញ្ជើញចុះពិនិត្យ កំលាំងប៉ុស្តិ៍ប្រចាំការ ត្រួតពិនិត្យការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ចូលមកកាន់ភូមិសាស្ត្រខេត្ត កែប ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ដើម្បីជម្រុញការអនុវត្តវិធានការ សុខាភិបាល អោយបានម៉ឹងម៉ាត់ ក្នុងការបង្ការទប់ស្តាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ អាជ្ញាធរខេត្តកែប ដាក់ប៉ុស្តិ៍ប្រចាំការ ត្រួតពិនិត្យការធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋចូលមកកាន់ខេត្ត។
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត ថ្លែងថា គោលដៅចំបងនៃការដាក់ប៉ុស្តិ៍ត្រួតពិនិត្យ ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ គឺដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយមានការវាស់កំដៅ ជំរុញការពាក់ម៉ាស់ និង អប់រំណែនាំរក្សាគម្លាតសុវត្តិភាពនៅក្នុងការធ្វើដំណើរ ពិសេសជំរុញការអនុវត្តវិធានការ៣កុំ និង៣ការពារ របស់រាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខាភិបាល។
ប៉ុស្តិ៍ប្រចាំការត្រួតពិនិត្យដែលអាជ្ញាធរខេត្តកែប ដាក់នោះគឺមាន៣ចំណុច៖
១៖ លើដងផ្លូវជាតិលេខ ៣៣ ត្រង់ចំណុចក្បែររោងចក្រពូចិន(ព្រំប្រទល់ ស្រុកដំណាក់ចង្អើរ ខេត្ត កែប ជាមួយស្រុកកំពង់ត្រាច ខេត្ត កំពត ) ស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ។
២ ៖ លើដងផ្លូវជាតិលេខ ១៣៣២ ផ្លូវទៅកាន់ច្រកទ្វាអន្តរជាតិព្រែកចាក ត្រង់ចំណុចក្បែរស្ពានដែក(ព្រំប្រទល់ស្រុកដំណាក់ចង្អើរ ខេត្ត កែប ជាមួយស្រុកកំពង់ត្រាច ខេត្តកំពត) ស្ថិតក្នុងឃុំអង្កោល ស្រុកដំណាក់ចង្អើរ។
៣ ៖ លើដងផ្លូវជាតិលេខ ៣៣ ត្រង់ចំណុចប្រសព្វក្បែរផ្លូវចូលវត្តកំពង់នង់(ព្រំប្រទល់ក្រុងកែប ខេត្ត កែប ជាមួយស្រុកទឹកឈូ ខេត្តកំពត) ស្ថិតក្នុងសង្កាត់អូរក្រសា ក្រុងកែប។
អភិបាលខេត្ត បាននាំយកនូវថវិកា ភេសជ្ជៈ គ្រឿងបរិភោគ ម៉ាស់ អាល់កុល និងឧបករណ៍មួយចំនួនទៀត ឧបត្ថម្ភជូនដល់កងកំលាំង ដែលកំពុងប្រចាំប្រតិបត្តិការណ៍នៅទីតាំងទាំងបី៕