ជប៉ុន៖ប្រធានលេខាធិការគណៈរដ្ឋមន្រ្តីជប៉ុនលោក កាស៊ុណូប៊ុ កាតុ (Katsunobu Kato) នៅថ្ងៃចន្ទនេះនិយាយថា រដ្ឋាភិបាលទីក្រុងតូក្យូបាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់អំពីរដ្ឋប្រហារយោធាក្នុងប្រទេសមីយ៉ាន់ម៉ា នាពេលថ្មីៗនេះ ហើយក៏នឹងពិចារណាលើវិធីសាស្រ្ត ដើម្បីឆ្លើយតបនឹងអភិវឌ្ឍក្នុងប្រទេសអាស៊ីអាគ្នេយ៍នេះមួយផងដែរ ។
លោក កាស៊ុណូប៊ុ កាតុ បានថ្លែងប្រាប់អ្នកយកព័ត៌មានថា ក្នុងដំណើរឆ្ពោះទៅមុន… ជប៉ុននឹងពិចារណាពីវិធីសាស្រ្តក្នុងការឆ្លើយតបទៅនឹងស្ថានភាពនៅមីយ៉ាន់ម៉ា ស្ថិតក្រោមលក្ខខណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងគោលនយោបាយដោយតាមដានការវិវឌ្ឍន៍នៃស្ថានភាព ខណៈខ្លួនក៏កំពុងពិចារណាលើការឆ្លើយតបពីបណ្តាប្រទេសពាក់ព័ន្ធផងដែរ ។
ការកត់សម្គាល់បែបនេះរបស់លោក កាស៊ុណូប៊ុ កាតុ បានកើតមានឡើងបន្ទាប់ពីកូរ៉េខាងត្បូងបាននិយាយថា ខ្លួននឹងផ្អាកកិច្ចសហការលើវិស័យការពារជាតិជាមួយមីយ៉ាន់ម៉ា ហើយហាមឃាត់រាល់ការនាំចេញគ្រឿងសព្វាវុធទៅកាន់ប្រទេសនេះ ក្រោយកើតមានរដ្ឋប្រហារយោធាកាលពីខែមុន និងការបង្ក្រាបដ៏ហិង្សាលើក្រុមអ្នកតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ ។ តួយ៉ាងនៅថ្ងៃអាទិត្យម្សិលមិញនេះ យ៉ាងហោចណាស់មានក្រុមបាតុករ និងមន្រ្តីប៉ូលិស៣៨នាក់បានបាត់បង់ជីវិតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ៕
Anti-coup protesters surround an injured man in Hlaing Thar Yartownship in Yangon, Myanmar Sunday, March 14, 2021. A number of people were shot dead during protests in Myanmar’s largest city on Sunday, as security forces continued their violent crackdown against dissent following last month’s military coup. (AP Photo)