អ៊ីរ៉ង់៖ រាល់ជើងហោះហើរទាំងអស់មកពីប្រទេសអ៊ីរ៉ាក់ ត្រូវបានផ្អាក ឬពន្យារពេលមួយសប្តាហ៍គិតត្រឹមថ្ងៃអាទិត្យ នេះបើតាមសេចក្តីថ្លែងការណ៍របស់អង្គភាពអាកាសចរណ៍ស៊ីវិលប្រទេសអ៊ីរ៉ង់ ។
សេចក្តីថ្លែងការណ៍ដែលចុះផ្សាយទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់អ៊ីរ៉ង់ IRNA បានអោយដឹងថា ការសម្រេចចិត្តបែបនេះ ត្រូវបានធ្វើឡើងជាវិធានការការពារជាមុន ដើម្បីការពារសុខភាពរបស់ប្រជាជនអ៊ីរ៉ង់ ចំពេលមានការរីករាលដាលនៃវីរុស Covid-19 បំប្លែងខ្លួនប្រភេទថ្មី ។
ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ត្រូវជូនដំណឹងដល់អ្នកដំណើរអំពីវិធានការណ៍ថ្មីអោយបានទាន់ពេលវេលា ។ កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ ប្រទេសអ៊ីរ៉ង់ក៏បានព្រមានពីការឆ្លងរីករាលដាលនៃវីរុស Covid-19 បំប្លែងខ្លួនប្រភេទថ្មី អំឡុងថ្ងៃបុណ្យឈប់សម្រាកឆ្នាំថ្មី ដែលនឹងចាប់ផ្តើមពីថ្ងៃទី២០ ខែមីនាខាងមុខនេះផងដែរ ៕