ថ្លែងតាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួន ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា បើទោះបីការជួសជុលកំណាត់ផ្លូវលេខ៣៦ ស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ក្នុងស្ថានភាពបណ្តោះអាសន្នក៏ពិតមែន ប៉ុន្តែឯកឧត្តមអភិបាលខេត្តត្រែង បានសម្តែងនូសេចក្តីសោមនស្សរីករាយ ជាអនេក ដែលបានរំដោះផ្លូវនេះ ពីការដក់ទឹក ខួបប្រាំង ខួបវស្សា ពិបាកដល់ការធ្វើដំណើររបស់ពុកម៉ែ បងប្អូន ពិសេសម្ចាស់លំនៅដ្ឋានដែលនៅជាប់ផ្លូវនោះ។
អភិបាល ខេត្តស្ទឹងត្រែង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ថ្នាក់ដឹកនាំ បុគ្គលិក កម្មកររបស់មន្ទីរ ដែលបានខិតខំប្រឹងប្រែងបំពេញតាមសំណូមពររបស់ឯកឧត្តម ដែលជាបំណងប្រាថ្នា និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។