នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តមអភិបាលរងខេត្ត លោកអភិបាលស្រុក ប្រធានអនុប្រធានមន្ទីរពាក់ព័ន្ធ បានអញ្ជើញចុះសួរសុខទុក្ខ និងពិសាអាហារសាមគ្គីជាមួយបងប្អូនកម្មករកម្មការិនីប្រមាណជា ១១.៤៩០ នាក់ នៅក្នុងរោងចក្រ Wingstar Sheo ស្ថិតនៅក្នុងភូមិអង្គសុគន្ធា ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ឯកឧត្តមបានមានប្រសាសន៍ជម្រុញលើកទឹកចិត្ត សូមបងប្អូនកម្មករ កម្មការនី និយោជិតរួមកម្លាំងសាមគ្គីភាពគ្នា និងមានភាពទទួលខុសត្រូវខ្ពស់ និងសូមខិតខំបំពេញការងារអោយបានល្អ ដើម្បីទទួលបានប្រាក់កម្រៃខ្ពស់ ជាក់ស្តែងការរស់នៅជីវភាពប្រចាំថ្ងៃ បងប្អូនដឹងស្រាប់ហើយសព្វថ្ងៃយើងរស់នៅក្នុងដំបូលនៃសន្តិភាព ឃើញថាការរស់នៅរបស់បងប្អូនមានការប្រសើរឡើងទាំងការរស់នៅ ទាំងការធ្វើដំណើរ ទាំងការប្រកបមុខរបរផ្សេងៗបានគ្រប់បែបយ៉ាង។ យើងទាំងអស់គ្នា ត្រូវរួមគ្នាធ្វើឲ្យប្រទេសរបស់យើងមានស្ថេរភាព ហើយបើប្រទេសយើងមានស្ថេរភាព ដូចសព្វថ្ងៃនេះអ្នកវិនិយោគទុនជាច្រើន នឹងមកបណ្ដាក់ទុនក្នុងខេត្ត និងក្នុងប្រទេសរបស់យើងជាបន្តបន្ទាប់ ធ្វើឱ្យយើងជាជនជាតិខ្មែរ មានឱកាសចូលបម្រើការងារបានយ៉ាងច្រើន បង្កើនប្រាក់ចំណូលចូលរួមអភិវឌ្ឍន៍សង្គមគ្រួសារ និងប្រទេសជាតិផងដែរ។
សូមបងប្អូនកុំមានការព្រួយបារម្ភ និងជឿតាមការញុះញង់របស់ជនអគតិមួយក្តាប់តូចឲ្យសោះ រឿងកិច្ចសហប្រតិបត្តិការ CLV នោះសូមបងប្អូនទាំងអស់គ្នា ត្រូវមានការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់នាពេលបច្ចុប្បន្ននេះ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចតេជោ និងសម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកទាំងទ្វេ បានខិតខំគិតគូរ និងមានចក្ខុវិស័យវែងឆ្ងាយធ្វើយ៉ាងណា ដើម្បីអភិវឌ្ឍន៍ប្រទេសអោយ កាន់តែរីកចម្រើនឡើង៕