នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ មន្ត្រីជំនាញ អាជ្ញាធរពាក់ព័ន្ធ អញ្ជើញចុះពិនិត្យបញ្ហាកង្វះទឹក ដើម្បីស្រោចស្រពស្រែប្រាំង ជូនប្រជាពលរដ្ឋជាង ៣០០ ហិចតា ក្នុងចំនួនឃុំ៤ នៃស្រុកជើងព្រៃ រួមមាន: ឃុំត្រពាំងគរ ឃុំស្តើងជ័យ ឃុំសំពងជ័យ និងឃុំព្រីងជ្រុំ ដែលកំពុងជួបកូនរដូវប្រាំង និងមានការខ្វះទឹកស្រោចស្របស្រូវប្រាំង ដោយសារប្រភពទឹកមានទីតាំងនៅឆ្ងាយពីតំបន់នេះ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ផងដែរថា នៅឃុំទាំង ៤ ក្នុងស្រុកជើងព្រៃ មានស្រែប្រាំងទំហំ ៣២៧ ហិចតា កំពុងរងផលប៉ះពាល់ខ្វះទឹកស្រោចស្រប ក្នុងនោះដែរ មានស្រូវខូចខាតប្រមាណជា ៤០ហិចតា ។
ពាក់ព័ន្ធទៅនឹងការខ្វះទឹកស្រោចស្របដំណាំស្រូវនេះ ឯកឧត្តមអភិបាលខេត្តបានសម្រេច បើកប្រភពទឹកចេញពី តំបន់ទឹកឆា ក្នុងស្រុកព្រៃឈរ និងបានធ្វើការស្ដារប្រឡាយចាស់ៗ ដើម្បីសម្រួលឲ្យទឹកហូរមកដល់តំបន់ឃុំទាំង៤ ខាងលើនេះ ឲ្យប្រជាពលរដ្ឋបានទឹកប្រើប្រាស់ ។ ចំពោះតំបន់ដែលមានស្រូវខូចខាត អាជ្ញាធរខេត្តបានត្រៀមស្រូវពូជ សម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋធ្វើការដាំដុះឡើងវិញផងដែរ។
ក្នុងថ្ងៃដដែលនេះដែរ ឯកឧត្តមអភិបាលខេត្ត បានដឹកនាំក្រុមការងារ បន្តដំណើរចុះពិនិត្យ នៅទីតាំងឃុំសណ្ដែក ក្នុងស្រុកបាធាយ ដែលជាតំបន់ខ្វះទឹកស្រោចស្របស្រែប្រាំងផងដែរ ៕