គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង ប្រជុំពិនិត្យលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្ត ឆមាសទី២

ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងាររបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំឆមាសទី១ និងប្រចាំខែកក្កដា ឆ្នាំ២០២៤ និងការលើកទិសដៅអនុវត្តបន្ត ឆមាសទី២ និងខែសីហា ឆ្នាំ២០២៤

ខេត្តកោះកុង​៖​ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងាររបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំឆមាសទី១ និងប្រចាំខែកក្កដា ឆ្នាំ២០២៤ និងការលើកទិសដៅអនុវត្តបន្ត ឆមាសទី២ និងខែសីហា ឆ្នាំ២០២៤។ 

ជាលទ្ធផល វឌ្ឍនភាព នៃការអនុវត្តសកម្មភាពតាមវិស័យនីមួយៗរបស់មន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋាន ក្រុង ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបានលើកយកធ្វើការបង្ហាញ ហើយទន្ទឹមនឹងនោះ អង្គប្រជុំបានឯកភាពជារួមលើបញ្ហាប្រឈម និងទិសដៅការងារបន្ត ដូចខាងក្រោម៖ 

*បញ្ហាប្រឈម

– ការចូលរួមរបស់មន្ទីរអង្គភាព ពាក់ព័ន្ធ និងអាជ្ញាធរមួយចំនួន ជាមួយកងកម្លាំងសមត្ថកិច្ច ក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព នៅមានកម្រិត

– សកម្មភាពកាប់ទន្រ្ទាន ឬរំលោភយកដីរដ្ឋ និងបទល្មើសធនធានធម្មជាតិ នៅតែមានតិចតួច ហើយចំពោះការផ្តល់ព័ត៌មានមានភាពយឺតយ៉ាវ 

– ការគ្រប់គ្រង និងទុកដាក់សំរាមសំណល់ រឹង និងរាវ នៅមិនទាន់បានត្រឹមត្រូវ

– បទល្មើសផ្សេងៗកើតឡើង ក្នុងភូមិសាស្រ្តស្មុគ្រស្មាញ ដូចជាតំបន់ព្រៃភ្នំ លម្ហសមុទ្រ.. ដែលបង្កការពិបាកក្នុងការបង្ក្រាប និងទប់ស្កាត់

– ធនធាន សម្ភារ និងថវិកា សម្រាប់ប្រតិបត្តិការចុះបង្ការ និងទប់ស្កាត់បទល្មើសផ្សេងៗមិនគ្រប់គ្រាន់

* ទិសដៅការងារបន្ត

– បន្តពង្រឹងការការពារបូរណភាពទឹកដី តាមបន្ទាត់ព្រំដែន 

– ជំរុញការអប់រំ ផ្សព្វផ្សាយ ណែនាំឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ឱ្យយល់ដឹងអំពី អត្ថប្រយោជន៍នៃសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម(CLV-DTA) និងគម្រោងព្រែកជីកហ្វូណនតេជោ

– ពង្រឹងវិធានការទប់ស្កាត់ និងបង្ក្រាបក្រុមជ្រុលនិយមមួយចំនួន ដែលបង្កចលាចលញុះញង់ ប្រឆាំងរាជរដ្ឋាភិបាល ជាពិសេសអំពីសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) និងគម្រោងព្រែកជីកហ្វូណនតេជោ

– បន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អ ជាមួយប្រទេសជិតខាង និងពង្រឹងការងារគ្រប់គ្រង និងត្រួតពិនិត្យការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ព្រំដែន និងការលួចឆ្លងដែនខុសច្បាប់ តាមផ្លូវគោក និងផ្លូវទឹក

– ជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព លេខ០១គនប របស់រាជរដ្ឋាភិបាល។

– បន្តទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិផ្សេងៗ 

– បន្តសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បង្ក្រាបបទល្មើសគេចពន្ធគ្រប់ប្រភេទ

– បន្តពង្រឹងសកម្មភាពត្រួតពិនិត្យ និងឆែកឆេរ ក្នុងប្រតិបត្តិការព្រំដែនទន្លេមេគង្គ នៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម

– ប្រមូលក្តាប់សភាពការណ៍ បទល្មើសទូទាំងខេត្ត ក្នុងការធ្វើការវិភាគវាយតម្លៃ ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីដាក់ចេញនូវវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាប ឱ្យមានប្រសិទ្ធភាព

– បន្តការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស អំពើកេងប្រវ័ញ្ច តាមគោលដៅ សណ្ឋាគារ ផ្ទះសំណាក់ ក្លឹបកម្សាន្ត។ល។ ត្រួតពិនិត្យតាមដានគោលដៅទាំងនោះ កុំឱ្យក្លាយជាកន្លែងប្រព្រឹត្តបទល្មើស

– បង្ក្រាបសកម្មភាពក្មេងទំនើង និងការចរាចរគ្រឿងញៀនខុសច្បាប់ 

– គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ធានារក្សានូវសុខសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងពិធីបុណ្យជាតិផ្សេងៗ និងត្រៀមកម្លាំងអន្តរាគមន៍ជួយសង្រ្គោះក្នុងពេលគ្រោះធម្មជាតិក្នុងរដូវវស្សា។

ជាទីបញ្ចប់ លោកជំទាវអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការ បានណែនាំមន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋាន ក្រុង ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ បន្តការសហការ និងពង្រឹងការអនុវត្តការងារឱ្យកាន់តែប្រសើរថែមទៀត ដោយស្មារតីទទួលខុសត្រូវ៕