រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា ច្បាប់ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ឬច្បាប់កូវីដ១៩ ត្រូវបានធ្វើឡើងដើម្បីទប់ទល់នឹងការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ហើយច្បាប់នេះនឹងដាក់ទោសចំពោះអ្នកដែលមានចេតនាធ្វើឱ្យឆ្លងដល់អ្នកដទៃដូចបទល្មើសឧក្រិដ្ឋ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នៅទីស្តីក្រសួងសុខាភិបាល ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានលើកឡើងថា ការធ្វើច្បាប់កូវីដ១៩នេះ ត្រូវបានធ្វើការស្រាវជ្រាវពីបទពិសោធន៍មកពីបណ្តាប្រទេសក្នុងតំបន់ និងលើសកលលោក ហើយច្បាប់នេះធ្វើឡើងដើម្បីបំពេញស្ថានភាពបច្ចុប្បន្ននេះ និងនៅពេលអនាគត។
ឯកឧត្តមរដ្ឋមន្រ្ដីបានបន្ដទៀតថា ក្នុងរយៈពេលជាង១ឆ្នាំនេះ កម្ពុជាបានគ្រប់គ្រងការឆ្លងជំងឺកូវីដ១៩ ដែលមានការចូលរួមពីប្រជាពលរដ្ឋ ដែលទទួលបានការកោតសរសើរ។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ផ្អែកតាម «ព្រឹត្តិការណ៍សហគមន៍២០កម្ភៈ» ធ្វើឱ្យកម្ពុជាត្រូវមានច្បាប់មួយ ពីព្រោះថាជំងឺកូវីដ១៩ជាជំងឺកាចសាហាវដែលកម្ពុជាមិនដែលធ្លាប់ជួប ហើយជំងឺនេះបានធ្វើឆ្លងជំងឺនេះជាង២០លាននាក់ និងស្លាប់រាប់លាន់នៅលើសកលលោក។
លោកបានថ្លែងថា៖ “ជំងឺកូវីដ១៩បានធ្វើឱ្យមានការប្រែប្រួលនៅទូទាំងពិភពលោក ដែលធ្វើឱ្យប្រទេសមួយចំនួនបានដាក់វិធានការទប់ស្កាត់ជំងឺកូវី១៩នេះ ដោយប្រទេសខ្លះ រៀបចំច្បាប់ថ្មី ឬកែសម្រួលច្បាប់ឱ្យស្របនឹងច្បាប់ខ្លួនផងដែរ។ ប្រទេសខ្លះ សម្រេចដាក់ ក្នុងប្រទេសគ្រាអាសន្ន និងបិទប្រទេស និងវិធានការផ្សេងទៀតដើម្បីធានាថាច្បាប់នេះធ្វើ ឱ្យស្ថានភាពថមថយ”។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ចំណែកប្រទេសកម្ពុជាក៏បានរៀបចំច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្នរួចហើយដែរដែលត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់រួចហើយ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១កន្លងមកនេះ។ លោកបានឱ្យដែរថា ឆ្លងកាត់អស់រយៈពេលប្រមាណជាង១ឆ្នាំមកនេះ ពាក់ព័ន្ធនឹងការរីករាលដាលជំងឺកូវីដ១៩នេះបានធ្វើឱ្យកម្ពុជាបានទាញបានជាសមត្ថកម្មចំនួនពីរ គឺ១.ការឆ្លងជំងឺកូវីដ១៩នេះបានធ្វើឲ្យប៉ះពាល់ដល់សុខភាពសាធារណៈ និងជីវិតមនុស្សពិតប្រាកដ។ ២.ការបិទសេដ្ឋកិច្ចជាតិ ធ្វើឱ្យប៉ះពាល់ជីវភាពសេដ្ឋកិច្ចប្រជាពលរដ្ឋ។
ឯកឧត្តមដ្ឋមន្ត្រីបានថ្លែងបន្ដថា ច្បាប់កូវីដ១៩នេះមិនមែនធ្វើសម្រាប់ទប់ស្កាត់រីករាលដាលជំងឹកូវីដ១៩ នៅពេលបច្ចុប្បន្ននោះទេ ប៉ុន្តែក៏ជាត្រៀមលក្ខខណៈទុកជាមុននៅពេល អនាគត បើសិនមានជំងឺកើតឡើងជាយថាហេតុ។ លោករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា៖
“ច្បាប់នេះរៀបចំឡើងដើម្បីបំពេញស្ថានភាពបច្ចុប្បន្ននេះ។ យើងឃើញថាព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងរយៈពេលគ្រប់គ្រងជាង១ឆ្នាំនេះ គឺមានភាពល្អ ដោយសារមានការចូលរួមពីប្រជាពលរដ្ឋតាមការណែនាំរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលដែរ”។
ឯកឧត្តម កើត រិទ្ធ បានអះអាងថា ការរៀបចំច្បាប់នេះបានរៀបចំជាយូរមកហើយ និងស្រាវជ្រាវពីច្បាប់ផ្សេងៗជាយូរមកហើយ ដែលមាននៅតាមបណ្តាប្រទេសក្នុងតំបន់និងពិភពលោក ហើយច្បាប់ដែលកម្ពុជាធ្វើនេះ គឺដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ និងការពារសុខភាពសាធារណៈ។
ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងទៀតថា ច្បាប់កូវីដ១៩នេះដាក់ទោសចំពោះអ្នកដែលមិនគោរពវិធានការក្នុងការប្រយុទ្ធការឆ្លងរាលដាលនៃជំងឺ ១៩ ហើយដែលអាចផ្តាច់ជីវិតប្រជាពលរដ្ឋកម្ពុជា និងបង្កមហន្តរាយការដល់សង្គមជាតិ។ ជាមួយគ្នានេះ ច្បាប់នេះបង្កើតឱ្យមានមូលដ្ឋាន ក្នុងការផ្តល់ជាមូលដ្ឋានដល់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវវិធានសុខាភិបាលចាំបាច់ក្នុងការទប់ស្កាត់ ជំងឺកូវីដ១៩ និងជំងឺផ្សេងទៀតនៅពេលអនាគត។
ឯកឧត្តមបានលើកឡើងទៀតថា ដើម្បីឱ្យច្បាប់មានប្រសិទ្ធភាពគឺច្បាប់បានដាក់ទោសទណ្ឌចំពោះអ្នកបំពានផងដែរ ក្នុងនោះច្បាប់នេះបង្កើតឱ្យមានបទល្មើសចំនួន៥ក្នុងករណីអ្នកដែលបំពានលើវិធានការដែលរាជរដ្ឋាភិបាលដាក់ចេញ។ ចំពោះបទល្មើសដែលដាក់ចេញ រួមមាន៖
១. បទល្មើសគេចពីការធ្វើចត្តាឡីស័ក នឹងត្រូវដាក់ទោសពន្ធនាគារពី៦ខែ ទៅ៣ឆ្នាំ សម្រាប់អ្នកដែលរត់គេចពីកន្លែងចត្តាឡីស័ក និងពិន័យជាប្រាក់ពី១លានរៀលទៅ៥លានរៀល។
២. បទល្មើសអំពើគេចពីកន្លែងព្យាបាល ត្រូវដាក់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀល ទៅ២០លានរៀល និងអាច បន្ថែមទោសពី៥ឆ្នាំដល់១០ឆ្នាំ(ទោសឧក្រិដ្ឋ) បើអំពើនេះឆ្លងដល់អ្នកដទៃ ឬផ្តាច់ជីវិតអ្នកដទៃ។
៣. បទល្មើសចម្លងដោយចតេនានៃជំងឺកូវីដ១៩ ដល់អ្នកដទៃដាក់ទោសពី៥ឆ្នាំ ដល់១០ឆ្នាំ ហើយបង្កើនពី១០ឆ្នាំ ដល់២០ឆ្នាំ កាលបើអំពើនេះមានរៀបចំឡើង ឬអង្គការចាត់តាំង។
៤. ការមិនគោរពវិធានការរដ្ឋបាល ពិន័យ១លានរៀល ដល់៥លានរៀល ហើយបើសិនមិនគោរពបណ្តាលឱ្យមានជំងឺដល់អ្នកដល់ដទៃ ដាក់ទោសពន្ធនាគារ៦ខែ ដល់៣ឆ្នាំ។
៥.ការរារាំ ឬឧបគ្គសដល់ការអនុវត្តវិធានការដាក់ទោស៦ខែ ដល់៣ ឆ្នាំ និងពិន័យជាប្រាក់២លានរៀល ដល់១០លានរៀន ហើយទោសនេះអាចបង្កើនដល់៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀល ដល់២០លានរៀល បើសិនធ្វើឱ្យប៉ះពាល់ ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ៕