ភ្នំពេញ៖ តាមរយៈសារសំឡេងពិសេស នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ដោយថ្លែងពន្យល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ខឿនការពារជាតិដោយប្រជាជននៅតំបន់ព្រំដែន គឺមានកម្លាំងខ្លាំងជាងរបងបេតុងច្រើនជាន់ នោះគឺការខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ កសាងផ្លូវតាមបន្ទាត់ព្រំដែន ហើយយើងចែកដី កសាងផ្ទះឲ្យប្រជាជន រៀបចំសាលារៀនមន្ទីរពេទ្យ និងរបស់ចាំបាច់ដែលប្រជាជនត្រូវការ ឲ្យពួកគាត់មានលទ្ធភាព កាន់តែច្រើន ដើម្បីរស់នៅទីនោះ ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មានបងប្អូនប្រជាពលរដ្ឋខ្លះ ជាពិសេស គឺក្រុមដែលតាំងខ្លួនឯងជាអ្នកស្នេហាជាតិនោះបាននិយាយហាក់បីដូចជាងាយស្រួលណាស់ ដែលស្នើរឲ្យមានការធ្វើរបងរវាងកម្ពុជា និងវៀតណាម ខណៈត្រង់ចំណុចនេះ សម្តេចបានចោទសួរទៅក្រុមទាំងនោះថា តើការធ្វើរបងពិត ជាខ្លាំងឬជាប់ជាងកម្លាំងរបស់ប្រជាជនដែរឬទេ?។
សម្តេចបានបន្ថែមទៀតថា ការធ្វើរបងដើម្បីតែបិទឬ ឃាំងរវាងព្រំដែនរវាងកម្ពុជា និងវៀតណាម ឬប្រទេសជិតខាងកម្ពុជានេះគេអាចលូតផ្លោះបាន ឬបាញ់ផ្តួលរំលំបាន ខណៈដែលកម្ពុជាយើងត្រូវធ្វើរាប់រយរាប់ពាន់គីឡូនោះ ហើយការធ្វើរបងបែបនេះគឺទុកឲ្យកម្ពុជានៅតែឯងឬយ៉ាងម៉េច?
ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបទៅកាន់ក្រុមប្រឆាំង និងក្រុមធ្វើបាតុកម្មនៅក្រៅប្រទេស ដែលប្រឆាំងនឹងគម្រោង CLV ផងដែរថា កម្ពុជា មិនមែនជាប្រទេសសាមញ្ញដូចការគិតរបស់បងប្អូននោះទេ ប្រទេសកម្ពុជា គឺជាប្រទេសឯករាជ្យមួយ ហើយបងប្អូនបែជាគិតថា កម្ពុជា បានកំពុងត្រួតត្រាដោយវៀតណាម ខណៈការចោទរបស់បងប្អូនបែបនេះ គឺបានកំពុងតែមើលស្រាល មិនមែនតែមើលស្រាលចំពោះសម្តេច ឬរាជរដ្ឋាភិបាលប៉ុណ្ណោះទេ តែបងប្អូនបានមើលស្រាលទាំងក្រុមគ្រូសារខ្លួនឯង ដែលកំពុងរស់នៅក្នុងប្រទេសថែមទៀតផង។ ដូច្នេះហើយបងប្អូនខ្លះ អាចឈានដល់ការប្រមាថជាតិសាសន៍ខ្លួនឯងថាយកប្តី ឬប្រពន្ធវៀតណាម។ ត្រង់ន័យនេះ សម្តេចបានបន្ថែមថា សម្តេចមិនទប់ស្កាត់ការបញ្ចេញមតិរបស់បងប្អូនទេ ប៉ុន្តែគប្បីត្រូវនិយាយការពិត វាប្រសើរជាងនិយាយមូលបង្កាច់។
តាមរយៈសារសំឡេងពិសេសនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានចោទសួរទៅកាន់ក្រុមប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណរវាងកម្ពុជា ឡាវ និងវៀតណាម ថា បើប្រសិនបើមិនឲ្យរាជរដ្ឋាភិបាល ធ្វើការអភិវឌ្ឍតំបន់នោះទេ តើត្រូវឲ្យរាជរដ្ឋាភិបាល ទុកតំបន់បួនខេត្តនោះចោល ឬយកខេត្តទាំងបួននោះ យកទៅដាក់លើមេឃ ៕