សម្តេចតេជោ ហ៊ុន សែន៖ ការអភិវឌ្ឍតំបន់ត្រីកោណ មិនមែនជា​ការ​កាត់ដីឱ្យជនជាតិបរទេសណាទេ ហើយក៏មិនមែនដាក់ជាភាគហ៊ុនដែរ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ បានចេញសារសំឡេងពិសេសរពន្យល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ បានចេញសារសំឡេងពិសេសរពន្យល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម។

តាមរយៈសារសំឡេងសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អះអាងថា ការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម មិនមែនជាការកាត់ដីឱ្យជនជាតិបរទេសណាទេ ហើយក៏មិនមែនដាក់ជាភាគហ៊ុនដែរ។ រដ្ឋាភិបាលគ្មានសិទ្ធិនឹងយកដីខ្មែរទៅដាក់រួមជាមួយនឹងប្រទេសណាទេ។ យើងគ្មានចេតនាដើម្បីនឹងបង្កើតតំបន់នោះឱ្យទៅជាតំបន់ស្វយ័តដោយកាត់មួយភាគរបស់កម្ពុជា មួយភាគរបស់ឡាវ មួយភាគរបស់វៀតណាម ហើយកើតជាតំបន់ស្វយ័ត ឬជាប្រទេសមួយក៏អត់ដែរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា … បងប្អូនកំពុងតែខិតខំតាមការញុះញង់ពីអ្នកក្រៅប្រទេស។ ក្នុងហ្នឹងយើងបានស្តាប់ឮហើយសំឡេងលោក ហៃ វណ្ណា ពីក្រៅប្រទេស ដើម្បីឱ្យបងប្អូនឈានទៅរកការផ្តួលរំលំរាជរដ្ឋាភិបាលតាមផ្លូវកាត់មួយដែលមិនមែនជាដំណើរការប្រជាធិបតេយ្យពិតប្រាកដ។ បងប្អូនចង់ប្រៀបធៀបកម្ពុជាទៅជាមួយនឹងបង់ក្លាដេស ប្រហែលជាបងប្អូនយល់ច្រឡំជាមួយនឹងសភាពការណ៍កម្ពុជានឹងភាពការណ៍បង់ក្លាដេស ចំណុចនេះបងប្អូនត្រូវគិតឱ្យបានហ្មត់ចត់ ប្រសិនបើបងប្អូនភ្លាត់ភ្លាំងទៅដោយប្រការណាមួយបងប្អូនអាចរងនូវគ្រោះថ្នាក់។ ដោយសម្តេចតេជោបានបញ្ជាក់ថា រឿងនេះវាមិនអាចទៅរួចទេ រដ្ឋាភិបាលប្រទេសណាក៏ដោយ ដោយតម្លៃណាក៏ដោយ បងប្អូនមានត្រឹមប៉ុន្មាននាក់ ដើម្បីបំផ្លាញនៅសន្តិភាពសម្រាប់ប្រជាជនរាប់លាន់នាក់ មិនមែនជាជម្រើសដែលបងប្អូនត្រូវធ្វើទេ បងប្អូនត្រូវគិតឱ្យបានហ្មត់ចត់មុនពេលដែលបងប្អូនធ្វើដំណើរមកបាតុកម្ម ឬមហាបាតុកម្ម ឬឈានទៅដល់ការផ្តួលរំលំ។

សម្តេចតេជោបានបញ្ជាក់ថា បន្ទាត់ក្រហមនៅទីនេះ គឺមានរដ្ឋធម្មនុញ្ញចែងហើយអំពីបញ្ហាសិទ្ធិបញ្ចេញមតិ យើងទទួលយកនៅកង្វល់របស់បងប្អូនស្តីពីការបាត់បង់ទឹកដី។ យើងកង្វល់អំពីបងប្អូនស្តីអំពីឯករាជ្យ អធិបតេយ្យជាតិ ប៉ុន្តែបងប្អូនត្រូវតែមើលឱ្យច្បាស់ទៅនឹងសភាពការណ៍ តើវាដូចអ្វីដែលពួកប្រឆាំងនៅបរទេសកំពុងតែញុះញង់ធ្វើនោះទេ។ ម៉្យាងទៀងបងប្អូនបានច្បិចយកនៅបញ្ហា CLV។ ដោយសម្តេចបានបញ្ជាក់ថា CLV បានកើត២៥ឆ្នាំហើយ។ សម្តេចបានចោទសួរថា តើ CLV បានបំផ្លាញអ្វីដល់បងប្អូន?។ ប្រទេសយើងពេលនោះក្រីក្រណាស់ ការធ្វើដំណើរពីរតនគិរី មណ្ឌគីរី ស្ទឹងត្រែងចុះមកទម្រាំតែមកដល់ខេត្តក្រចេះ កំពង់ចាម ទម្រាំតែមកដល់ទីក្រុងភ្នំពេញត្រូវចាយពេលច្រើនណាស់។ ឥឡូវនេះបងប្អូននៅទីនោះបានទទួលផលប្រយោជន៍អំពីបញ្ហាសេដ្ឋកិច្ច សង្គម មានការតភ្ជាប់យ៉ាងល្អទៅលើបញ្ហាផ្លូវ បណ្តាញអគ្គិសនី ប្រព័ន្ធទឹក ប៉ុន្តែតំបន់ទឹកស្អាតនៅតំបន់មួយចំនួនមិនទាន់ទៅដល់។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អះអាងថា ការអភិវឌ្ឍតំបន់ត្រីកោណនេះ មិនមែនជាការកាត់ដីឱ្យជនជាតិបរទេសណាទេ ហើយក៏មិនមែនដាក់ជាភាគហ៊ុនដែរ។ សូមបងប្អូនកូនក្មួយចាំឱ្យច្បាស់ពាក្យថា អភិវឌ្ឍន៍រួម និងសហប្រតិបត្តិការ។ បងប្អូនយល់ច្រឡំហើយថា ការអភិវឌ្ឍរួមយើងអត់ធ្វើទេ ព្រោះរដ្ឋាភិបាលគ្មានសិទ្ធិនឹងយកដីខ្មែរទៅដាក់រួមជាមួយនឹងប្រទេសណាទេ។ យើងគ្មានចេតនាដើម្បីនឹងបង្កើតតំបន់នោះឱ្យទៅជាតំបន់ស្វ័យតដោយកាត់មួយភាគរបស់កម្ពុជា មួយភាគរបស់ឡាវ មួយភាគរបស់វៀតណាម ហើយកើតជាតំបន់ស្វយ័ត ឬជាប្រទេសមួយក៏អត់ដែរ។ ប្រទេសខ្មែរគ្រប់គ្រងដោយខ្មែរ វៀតណាមគ្រប់គ្រងដោយវៀតណាម ឡាវគ្រប់គ្រងដោយឡាវ។ ប៉ុន្តែយើងមានកិច្ចសហប្រតិបត្តិការគ្នានៅទីនោះ ដើម្បីពន្លឿនដល់ការអភិវឌ្ឍ។ ការអភិវឌ្ឍមួយដែលអាចធ្វើទៅបាន គឺទាមទារឱ្យមានការសហប្រតិបត្តិការនៅជិតខាង។ ការសហប្រតិបត្តិការនៅជិតខាងនេះ វាមិនមែនគ្រាន់តែធ្វើជាមួយនឹងតំបន់ត្រីកោណនោះទេ ធ្វើនៅទូទាំងព្រំដែនវៀតណាម ធ្វើនៅទូទាំងព្រំដែនថៃ និងធ្វើនៅទូទាំងព្រំដែនជាមួយឡាវ ដែលយើងមានភូមិផងរបងជាមួយគ្នា៕

https://t.me/lorsovanney