ភ្នំពេញ៖ បណ្ឌិត សួន សេរីរដ្ឋា អ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពនៃកម្ពុជា បានថ្លែងថា ការអំពាវនាវរបស់ទណ្ឌិតក្បត់ជាតិ ៣ជំនាន់ វាគឺជាការអំពាវនាវប្រឆាំងទៅនឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅក្នុងប្រទេសកម្ពុជា ពីព្រោះការផ្លាស់ប្តូរមេដឹកនាំ ការផ្លាស់ប្តូរអាណត្តិ នៃអ្នកតំណាងរាស្ត្ររបស់ប្រទេសកម្ពុជា គឺផ្លាស់ប្តូរតាមរយៈការបោះឆ្នោត ប្រកួតប្រជែងតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស មិនមែនផ្លាស់ប្តូរតាមរយៈការនឹកឃើញរបស់អ្នកនយោបាយណាម្នាក់ដែលចង់ប្រមែប្រមូលគ្នាគ្នី កេណ្ឌគ្នីគ្នា អ្នកគាំទ្រមកស្រែកតវ៉ាទម្លាក់អ្នកកំពុងកាន់អំណាចស្របច្បាប់កើតចេញអំពីការបោះឆ្នោតដោយប្រជាពលរដ្ឋរាប់លាននាក់បានទេ។
លោកបានបន្តថា មេដឹកនាំនយោបាយដែលកំពុងរត់ចោលស្រុករូបនេះ គឺតែងតែប្រើនៅគំនិតវប្បធម៌នយោបាយហិង្សានិយម ចង់ឱ្យប្រជាពលរដ្ឋដើរតាមគន្លងមួយដែលនាំប្រទេសចូលទៅក្នុងភាពច្របូកច្របល់ដូចបណ្តាប្រទេសមួយចំនួនដែលទុំជោរដោយគំនិតនយោបាយបដិវត្តន៍ពណ៌ ហើយក៏ចង់រម្លឹកដល់ប្រជាពលរដ្ឋ និងយុវជនខ្មែរថា អ្នកដែលគេអំពាវនាវឱ្យយើងធ្វើបាតុកម្មងើបឡើងប្រឆាំងរដ្ឋាភិបាល គឺគេនៅឯបរទេស គេនៅស្រណុកសុខស្រួលជាមួយក្រុមគ្រួសារនៅក្រៅប្រទេសឯណោះ។ គេដឹងច្បាស់ណាស់ថា ការអំពាវនាវឲ្យបងប្អូនងើបឡើងនេះ គឺជាទង្វើខុសច្បាប់ ដូច្នេះហើយបានជាគេអត់ហ៊ានចូលមកក្នុងប្រទេសស្រែកអំពាវនាវនៅក្នុងប្រទេស ហើយគេបន្តអំពាវនាវពីក្រៅប្រទេស ហើយគេទុកឱ្យបងប្អូនអ្នកជឿ អ្នកដែលធ្វើតាមគេងើបឡើងទៅ ដល់ពេលប្រឈមមុខចំពោះមុខច្បាប់ នៅពេលដែលច្បាប់អនុវត្តទោសលើអ្នកប្រព្រឹត្ត គឺបងប្អូនជាអ្នកទទួលរងទុក្ខ។ ដូច្នេះបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ប្រុងប្រយ័ត្ននៅគេហៅថា ការបញ្ជេះកំហឹងពីក្រៅប្រទេសពីបរទេស តាមរយៈបនពួកនយោបាយក្បត់ជាតិរត់ចោលស្រុក និងបក្ខពួករបស់គេនៅតាមបណ្តាប្រទេសមួយចំនួនដូចជា នៅកូរ៉េ ជប៉ុន អាម៉េរិក កាណាដា គឺពួកនោះបានត្រឹមតែស្រែកអំពាវនាវទេ ប៉ុន្តែអត់ហ៊ានចូលមកធ្វើការដឹកនាំ ឬក៏អំពាវនាវនៅក្នុងប្រទេសទេ ពីព្រោះដឹងថា ទង្វើរបស់ខ្លួន គឺជាទង្វើមិនត្រូវច្បាប់។ ធ្វើនៅក្នុងប្រទេស គឺប្រឈមនឹងការអនុវត្តច្បាប់ ហេតុនេះបានជាគេស្រែកដុតបញញជេះកំហឹងបងប្អូនពីក្រៅប្រទេស រួចហើយឱ្យបងប្អូនអ្នកក្នុងប្រទេសជាអ្នករងគ្រោះ។ ដល់ពេលបងប្អូនរងគ្រោះប្រឈមចំពោះការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល គឺគេកេងចំណេញលើសកម្មភាពទាំងអស់នេះ គឺយកទុក្ខវេទនារបស់បងប្អូនទៅធ្វើអាជីវកម្មនយោបាយបន្ថែមទៀត។
អ្នកតាមដានព្រឹត្តិការណ៍នយោបាយរូបនេះ បានលើកឡើងថា រាល់ការអំពាវនាវរបស់ជនក្បត់ជាតិចាត់ទុកថា ជាអំពើមួយដែលកំពុងតែដុតរោលកំហឹងប្រជាពលរដ្ឋឱ្យដើរខុសនៅគន្លងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដើរខុសច្បាប់រដ្ឋធម្មនុញ្ញ ដើរខុសសិទ្ធិសេរីភាពនៅក្នុងការបញ្ចេញមតិ ហើយដែលប្រជាពលរដ្ឋ និងយុវជនខ្មែរទាំងអស់ គឺមិនត្រូវជឿទៅលើក្រុមពួកអ្នកនយោបាយដែលគ្មានក្បាល គ្មានកន្ទុយ ហើយរត់ចោលប្រទេសគ្មានដីសម្រាប់រស់នៅជ្រកកោន ផ្ញើឆ្អឹងនៅស្រុកគេនោះទេ៕