រដ្ឋបាលរាជធានីភ្នំពេញនឹងអនុវត្តយន្តការថ្មីមួយទៀត ដោយតម្រូវឲ្យអ្នកដែលជាសះស្បើយពីជំងឺកូវីដ១៩ ពេលដែលគាត់ចេញពីមន្ទីរពេទ្យ ត្រូវបន្តធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃបន្ថែមទៀត។ នេះជាយន្តការថ្មី ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ កុំឲ្យឆ្លងចូលក្នុងសហគមន៍សាជាថ្មី។
រដ្ឋបាលរាជធានីភ្នំពេញ នឹងឲ្យអ្នកដែលជាសះស្បើយពីជំងឺកូវីដ១៩ ធ្វើកិច្ចសន្យា ៤ចំណុចដូចខាងក្រោម៖
១៖ បន្តធ្វើចត្តាឡីស័កនៅក្នុងលំនៅឋានផ្ទាល់ខ្លួន ឬ ទីតាំងឯកជន ដែលមានបន្ទប់ដាច់ដោយឡែកមានខ្យល់ចេញចូលល្អ ឱ្យបានគ្រប់ពេលវេលាកំណត់តាមការណែនាំរបស់ក្រសួងសុខាភិបាល ពោលគឺដាច់ខាតមិនដើរចេញក្រៅផ្ទះ ឬ បន្ទប់ ឬ ទីកន្លែងដែលត្រូវធ្វើចត្តាឡីស័ក និងមិនប្រាស្រ័យទាក់ទងជាមួយសាច់ញាតិ មិត្តភក្តិ ឬ បុគ្គលណាមួយឡើយក្នុងអំឡុងពេលចត្តាឡីស័ក។
២៖ បន្តតាមដានសុខភាពផ្ទាល់ខ្លួន ដោយត្រូវត្រួតពិនិត្យកម្តៅខ្លួន ពីរ (២) ដងក្នុងមួយថ្ងៃ ហើយប្រសិនបើមានអាការៈគ្រុនក្តៅ ក្អក ឈឺបំពង់ក ហៀរសំបោរ ពិបាកដកដង្ហើម ឈឺក្បាល ឈឺសាច់ដុំ ឬ រាក នឹងរាយការណ៍ជាបន្ទាន់ទៅទូរស័ព្ទលេខ ១១៥ ឬ ក្រុមគ្រូពេទ្យដែលនៅជិតបំផុត ដើម្បីទទូលការពិនិត្យ និងព្យាបាលឡើងវិញ។
៣៖ ប្តេជ្ញាអនុវត្តឱ្យបានម៉ឺងមាត់បំផុតនូវវិធានការ «៣ ការពារ និង ៣ កុំ» របស់ប្រមុខរាជរដ្ឋាភិបាល និងការណែនាំទាំងឡាយរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។
៤៖ ការមិនអនុវត្តបានត្រឹមត្រូវ ឬ អនុវត្តដោយធ្វេសប្រហែសនូវវិធានការរដ្ឋបាល និង/ឬ វិធានការសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ គឺជាបទល្មើស ដែលបុគ្គលល្មើសត្រូវទទួលទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មព្រហ្មទណ្ឌ តាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។