នៅក្នុងឱកាសអញ្ជើញយកអំណោយរបស់សប្បុរសជនមកដាក់ក្នុង ផ្ទះបរិច្ចាគ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍អំពាវនាវ ដល់បងប្អូនសប្បុរសជនទាំងក្នុងខេត្ត ក្រៅខេត្ត ទាំងក្នុងប្រទេស និងក្រៅប្រទេស សូមបន្តចូលរួមការងារមនុស្សធម៌ វប្បធម៌នៃការចែករំលែក ដោយអាចយកជាសម្ភារៈប្រើប្រាស់ (ថ្មី ឬ ១តឹក) និងគ្រឿងឧបភោគបរិភោគ យកមកដាក់ក្នុងផ្ទះបរិច្ចាគនេះ ដើម្បីជួយដល់ ទុរគតជន និងមានជីវភាពខ្វះខាត។
លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា វប្បធម៌នៃការចែករំលែកបានស្តែងចេញតាមរយៈនៃសមានចិត្តជួយគ្នាក្នុងគ្រាមានអាសន្ន និងសាមគ្គីភាពក្នុងចំណោមប្រជាជនកម្ពុជា ហើយទង្វើដ៏ប្រពៃថ្លៃថ្លានេះទទួលបាននូវការសាទរយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ និងបានសរបញ្ជាក់ឱ្យឃើញពីតម្លៃមិនអាចកាត់ថ្លៃបាន និងការមិនរើសអើងចំពោះពលរដ្ឋណាម្នាក់ ឬជាតិសាសន៍ណាមួយ ដែលជួបការលំបាក ដូច្នេះកាយវិការដ៏ប្រពៃនេះ បានឆ្លាក់ជាប់ក្នុងក្រអៅបេះដូង នៃពលរដ្ឋខ្មែរគ្រប់រូប។
លោកជំទាវអភិបាលខេត្ត បានមានប្រសាន៍បន្តថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះ ដោយគ្រោះមហន្តរាយ និងឧបទ្ទេហេតុផ្សេងៗ នៅទូទាំងប្រទេសគ្រប់ពេលវេលា ដោយមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ជាពិសេសបានផ្តាំផ្ញើដល់មន្ត្រីមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅប្រជាពលរដ្ឋ ដោយមិនបណ្តោយឱ្យពលរដ្ឋណាម្នាក់ស្លាប់ អត់បាយ ដោយមិនបានដឹង និងមិនបានជួយដោះស្រាយនោះឡើយ ។
សូមបញ្ជាក់ថា «ផ្ទះបរិច្ចាគ» ដែលមានទីតាំងចំនួន ៣ គឺទីតាំងទី១-នៅមុខសាលាខេត្ត, ទីតាំងទី២-នៅផ្សារព្រំ និងទីតាំងទី៣- នៅឃុំស្ទឹងត្រង់ ត្រូវបានផ្តួចផ្តើមបង្កើតឡើង ដោយលោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ក្នុងគោលបំណងទទួល និងផ្តល់សម្ភារៈ គ្រឿងឧបភោគបរិភោគ ដល់ទុរគតជន និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៕







