នៅព្រឹកថ្ងៃអាទិត្យ ទី១៤ ខែមីនា ឆ្នាំ២០២១ ជាថ្ងៃបញ្ចប់នៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី១ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញពិនិត្យមើលសកម្មភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅមន្ទីរពេទ្យបង្អែកខេត្ត។
ប្រធានកម្មវិធីចាក់ថ្នាំបង្ការនៃមន្ទីរសុខាភិបាលខេត្តលោក អ៊ូ ដេត បានលើកឡើងថាបើគិតចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី ១៤ ខែមីនានេះ មន្ទីរសុខាភិបាលបានចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ក្រុមគ្រូពេទ្យជួរមុខ ជូនដល់បុគ្គលិកសុខាភិបាល កងកម្លាំងប៉ូលីសជាតិ និងអាជ្ញាធរជួរមុខ ដែលមានអាយុពី ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត និងឥតគិតថ្លៃ នៅតាមមន្ទីរ ពេទ្យបង្អែកចំនួន ២កន្លែង ក្នុងខេត្តគឺមន្ទីរពេទ្យបង្អែកខេត្តមួយកន្លែង និងមន្ទីរពេទ្យបង្អែកស្រុកបរកែវមួយកន្លែង បានចំនួន២,១៨២នាក់ ស្មើនឹង៨៨% ខណៈអ្នកចុះឈ្មោះចំនួន២,៤៧៣នាក់ អ្នកមិនបានចាក់ដោយបញ្ហាសុខភាពៗចំនួន២៩១នាក់។
ក្នុងឱកាសនោះ ឯកឧត្ដម ថង សាវុន បានធ្វើការសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលបានមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដោយឯកឧត្តមបានស្នើអោយអ្នកមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ទាំងអស់ត្រូវរក្សាសណ្តាប់ធ្នាប់ និងរក្សាគម្លាតសុវត្ថិភាព។ ពិសេសការរៀបចំសណ្ដាប់ធ្នាប់បានល្អ វាបានផ្តល់នូវអត្ថប្រយោជន៍ពីរ៖
ទី១.សម្រួលដល់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងបានលឿន
ទី២. អត់ មានការចម្លងគ្នាទៅវិញទៅមក សូមរក្សាគម្លាតឱ្យបាន ១,៥០ម៉ែត្រ និងចូលរួមអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ពិសេសគោលការណ៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៣ការពារ និង ៣កុំ ទើបយើងជៀសផុតពីការឆ្លងជំងឺកូវីដ-១៩ ទាំងអស់គ្នា៕