សៀមរាប៖ គ្រឹះស្ថានអង្គរជូនដំណឹងដល់សាធារណៈជនជាតិ អន្តរជាតិ គ្រប់ប្រតិបត្តិករទេសចរណ៍ ព្រមទាំងភ្ញៀវទេសចរបរទេសទាំងអស់មេត្តាជ្រាបថា ដើម្បីសម្រួលដល់វិស័យទេសចរណ៍ និងធានាភាពទាក់ទាញភ្ញៀវទេសចរមកទស្សនារមណីយដ្ឋានអង្គរ ក៏ដូចជាមកព្រះរាជាណាចក្រកម្ពុជា ក្នុងកំឡុងពេលមានវិបត្តិនៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានសម្រេចផ្តល់គោលនយោបាយលើការលើកទឹកចិត្តដល់ភ្ញៀវទេសចរបរទេស នូវការលក់បណ្ណចូលទស្សនាមរណីយដ្ឋានអង្គរ គិតចាប់ពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។
យោងតាមសេចក្តីជូនដំណឹងរបស់គ្រឹះស្ថានអង្គរ បានឲ្យដឹងថា ប្រភេទបណ្ណធម្មតា រួមមាន៖ ១.ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ០១ថ្ងៃ អាចចូលទស្សនាបានរយៈពេល ០២ថ្ងៃ, ២.ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ០៣ថ្ងៃ អាចចូលទស្សនាបានរយៈពេល ០៥ថ្ងៃ និង ៣.ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ០៧ថ្ងៃ អាចចូលទស្សនាបានរយៈពេល ១០ថ្ងៃ។ ដោយឡែក ប្រភេទបណ្ណរយៈពេលវែង គឺភ្ញៀវបរទេសដែលមានទិដ្ឋាការរយៈពេល ០៣ខែឡើងទៅ រួមមាន៖ ១.ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គររយៈពេល ០១ខែ អាចចូលទស្សនាបានរយៈពេល ០២ខែ, ២.ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គររយៈពេល ០៣ខែ អាចចូលទស្សនាបានរយៈពេល ០៦ខែ និង ៣.ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គររយៈពេល ០៦ខែ អាចចូលទស្សនាបានរយៈពេល ១២ខែ៕