ខេត្ដកំពង់ចាម៖ បន្ទាប់ពីបានអញ្ជើញចុះពិនិត្យដោយផ្ទាល់ កាលពីរសៀលថ្ងៃទី ខែមីនាឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចាត់ឲ្យក្រុមការងារខេត្តដឹកនាំដោយឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្តដឹកនាំដឹកនាំមន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន សហការជាមួយដៃគូក្រុមហ៊ុន ឯកជនមួយ បាននិងកំពុងចាត់វិធានការ ទប់ស្កាត់ការបាក់ច្រាំងទន្លេមេគង្គ ស្រុកស្រីសន្ធរ និងស្រុកកងមាស ប្រវែងសរុបប្រមាណ ២.០០០ ម៉ែត្រ និងរៀបចំបូមយកខ្សាច់ និងដីពី តំបន់កោះតូច នាពេលឆាប់ៗ ខាងមុខនេះ។ ក្រោយពីមានសំណូមពររបស់ ប្រជាពលរដ្ឋ នៃស្រុកទាំងពីរ។
លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម បានប្រាប់ឱ្យដឹង នៅថ្ងៃទី ១២ មីនាថាៈ នៅរសៀលថ្ងៃទី១១ មីនា លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយ សហការីជាច្រើនរូប បានដឹកនាំ មន្ត្រីអង្គភាពពាក់ព័ន្ធ និងខាងក្រុមហ៊ុន រីវើសាយ ឌីវើលុបមែន បានចុះពិនិត្យទីតាំងច្រាំងបាក់ដែលត្រូវទប់ស្កាត់ និងទីតាំងតំបន់ កោះតូច ដែលត្រូវបូមយកដី និងខ្សាច់ជាក់ស្តែង។
លោកបានប្រាប់ឱ្យដឹងទៀតថា តាមគម្រោងផែនការ កន្លងមក ខាងក្រុមហ៊ុនដែល ទទួលការស្ថាបនា ទប់ស្កាត់ការបាក់ច្រាំងទន្លេនេះ គឺប្រើប្រាស់បាវសម្រាប់ច្រកដី និងខ្សាច់ ដូចវិធានការខាងក្រសួងធនធានទឹក និងឧតុនិយម បានធ្វើច្រើនកន្លែង កន្លងមកនោះ ក្នុងនោះ បូមចាក់ទប់ច្រាំងទន្លេ នៅឃុំកោះអណ្តែត និងឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ឃុំសូគង ស្រុកកងមាស និងតំបន់អភិវឌ្ឍន៍ ខេត្តកណ្តាល។
លោក វិបុល បានបន្តថា សារសំខាន់ នៃការបូមយកដី និងខ្សាច់ ពីតំបន់កោះតូចនេះ គឺដើម្បីជួយទប់ស្កាត់ ការបាក់ច្រាំងទន្លេ ចាក់បំពេញដីតំបន់អភិវឌ្ឍន៍ខេត្តកណ្តាល និងសម្រួលដល់ផ្លូវទឹកទន្លេមេគង្គកុំឱ្យបាក់ច្រាំងបន្តទៀត។
ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាមបានមានប្រសាសន៍នៅថ្ងៃទី ១២ មីនាថាៈ ការបូមយកដី និងខ្សាច់ ពីតំបន់កោះតូចនេះ គឺខាងក្រុមហ៊ុន រីវើសាយឌីវើលុបមែនបាន សិក្សាបូមលើតំបន់កោះ ដែលដុះថ្មីប៉ុណ្ណោះ ពោលគឺដើម្បីតម្រង់ចរន្តទឹកហូរដោយមិន ប៉ះពាល់ដី តំបន់កោះចាស់ឡើយ។
អភិបាលរងខេត្តរូបនេះ បានបន្តថាៈ ក្នុងនោះទីតាំងដែលត្រូវបូមដី និងខ្សាច់ច្រកបាវ ឈ្មោះ GEO-TEXTILE មកទប់ស្កាត់ កុំឱ្យមានការបាក់ច្រាំងបន្តមានចំនួន បី កន្លែង ប្រវែងសរុប ២.០០០ ម៉ែត្រ គឺនៅឃុំឫស្សីស្រុក ប្រវែង ១.០០០ ម៉ែត្រ ឃុំកោះអណ្តែត ប្រវែង ៥០០ ម៉ែត្រ ស្រុកស្រីសន្ធរ និងឃុំសូគងប្រវែង ៥០០ ម៉ែត្រ ស្រុកកងមាស៕