លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកោះកុង អាណត្តិទី៤។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ថា ថ្ងៃនេះក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទូទាំងខេត្ត និងក្នុងនាមនាងខ្ញុំផ្ទាល់ សូមសម្តែងនូវគារវៈភក្ដីយ៉ាងស្មោះស្ម័គ្រ និងសូមស្វាគមន៍ យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង ដែលបាន ឆ្លៀតឱកាសដ៏មមាញឹក និងផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ អញ្ជើញជាអធិបតី ក្នុងពិធី ប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សាខេត្តកោះកុង អាណត្តិទី៤ នាឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ។
ជាមួយគ្នានេះ នាងខ្ញុំសូមគោរពស្វាគមន៍ ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូជាន់ខ្ពស់ នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង និង ប្រតិភូជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវ លោកបណ្ឌិត លោក លោកស្រីទាំងអស់ ដែលបានអញ្ជើញចូលរួម ក្នុងពិធី ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកោះកុង អាណត្តិទី៤ ដ៏អធិកអធម នាពេលនេះ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ នាងខ្ញុំសូមគោរពជម្រាបជូន ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង បានជ្រាបដោយសង្ខេប អំពីលក្ខណៈភូមិសាស្ត្រ ប្រជាសាស្ត្រ និងសមិទ្ធផលនានា នៃខេត្តកោះកុង ដូចតទៅ៖
ខេត្តកោះកុង មានទីតាំងស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា ចម្ងាយ២៩០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និងមានព្រំប្រទល់ខាងកើតជាប់នឹងខេត្តកំពង់ស្ពឺនិងខេត្តព្រះសីហនុ ខាងលិចនិងខាងត្បូងជាប់នឹងឈូងសមុទ្រថៃ ខាងជើងជាប់នឹងខេត្តពោធិ៍សាត់។ ខេត្តកោះកុង មានផ្ទៃដីសរុប ១០.០៤៥,៥៨គីឡូម៉ែត្រការ៉េ (ដប់ពាន់ សូន្យរយ សែសិបប្រាំ ក្បៀស ហាសិបប្រាំបី គីឡូម៉ែត្រការ៉េ) ចែកចេញជា ក្រុង១ មាន០៣ សង្កាត់ ស្រុក៦ មាន២៦ឃុំ និងមានភូមិសរុបចំនួន១១៩ភូមិ។ នៅទូទាំងខេត្តមានគ្រួសារសរុបចំនួន ៣៥,៦២៦គ្រួសារ (សាមសិបប្រាំពាន់ ប្រាំមួយរយ ម្ភៃ ប្រាំមួយគ្រួសារ) មានប្រជាជនសរុបចំនួន ១៥១,៣៤៨នាក់ (មួយរយហាសិបមួយពាន់ បីរយសែសិប ប្រាំបីនាក់) ក្នុងនោះស្រីមានចំនួន ៧៥,៣០៤នាក់ (ចិតសិបប្រាំពាន់ បីរយបួននាក់) និងមានដង់ស៊ីតេ ប្រជាជន១៤នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។ មុខរបរសំខាន់ៗរបស់ប្រជាពលរដ្ឋមាន៖ ផ្នែកកសិកម្ម ធ្វើស្រែចំការ ដាំដំណាំ ធ្វើនេសាទ ចិញ្ចឹមសត្វ និងរកអនុផលព្រៃឈើ ប្រមាណ៥៤.៧% ផ្នែកសេវាកម្មនិងពាណិជ្ជកម្ម ប្រមាណ៤៥% ផ្នែកសិប្បកម្ម ប្រមាណ០.៣% និងមានមុខរបរបន្ទាប់បន្សំមួយចំនួន។ ផ្អែកតាមទិន្នន័យ របស់ក្រសួងផែនការ ស្ថានភាពសេដ្ឋកិច្ចនៅឆ្នាំ២០២២កន្លងទៅនេះ ទំហំសេដ្ឋកិច្ចខេត្តកោះកុង មាន វឌ្ឍនភាពកើនឡើងគួរឱ្យកត់សំគាល់ ពោលគឺមានចំនួន ២៨២,២លានដុល្លារ ក្នុងឆ្នាំ២០២១ និងកើនឡើង ដល់ចំនួន ៣០១លានដុល្លារ ក្នុងឆ្នាំ២០២២ ដែលធ្វើឱ្យកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត ក៏មាន ការប្រែប្រួលនិងកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដោយចំណូលប្រជាពលរដ្ឋម្នាក់ៗ មានចំនួន ១.៧៤៦ដុល្លារ ក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២កើនដល់ចំនួន ១.៨៣៨ ដុល្លារ។
ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងនយោបាយឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អគ្គមគ្គុទ្ទេសក៍ឯកដ៏ឆ្នើម បានដឹកនាំប្រទេសឱ្យចេញផុតពីស្ថានភាពដែល វិនាសខ្ទេចខ្ទី ដោយបានបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលនៅកម្ពុជា ព្រមទាំងបាននាំមកនូវសន្តិភាពពេញលេញ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យប្រកបដោយមោទនភាពជាទីបំផុត។ ប្រជាជនមានសិទ្ធិ សេរីភាពគ្រប់យ៉ាងបានរស់នៅយ៉ាងសុខដុមរមនាក្នុងសន្តិភាព ឯកភាពជាតិ អធិបតេយ្យ បូរណភាព ទឹកដី និងប្រជាធិបតេយ្យ ហើយបាននិងកំពុងរួមសាមគ្គីគ្នាក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ យកអស់ កម្លាំងកាយ កម្លាំងចិត្តដើម្បីបន្តកសាង និងការពារជាតិមាតុភូមិ តាមរយៈការអនុវត្តនយោបាយ ការបរទេសឯករាជ្យ ដោយផ្អែកលើច្បាប់អន្តរជាតិ និងគោរពដាច់ខាតនូវ អធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជ្យរបស់រដ្ឋសមាជិក អនុលោមតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍ដែលទទួលស្គាល់ជាសកល។
ក្រោមម្លប់សន្តិភាពនេះហើយ បាននាំឱ្យខេត្តកោះកុង មានលទ្ធភាពកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមមាន៖ ផ្លូវជាតិលេខ៤៨ ផ្លូវជាតិលេខ១០ ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ចាំបាច់ ស្ពានឆ្លងដៃព្រែក០៤កន្លែង ស្ពានព្រែកកោះប៉ោ វារីអគ្គិសនីធំៗចំនួន០៤កន្លែង តំបន់សេដ្ឋកិច្ចពិសេស ចំនួន០៥កន្លែង ដែលអាចផ្តល់ការងារជូនប្រជាពលរដ្ឋរាប់ម៉ឺននាក់ ក្រុមហ៊ុនវិនិយោគលើដំណាំកសិកម្ម និងដំណាំកៅស៊ូចំនួន០៨ក្រុមហ៊ុន ក្រុមហ៊ុនដែលបានចុះកិច្ចសន្យាជាមួយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ដោយ វិនិយោគលើវិស័យទេសចរណ៍ចំនួន១០ក្រុមហ៊ុន តំបន់ព្រំដែនមានសណ្ឋាគារលំដាប់ផ្កាយ៥ជាប់មាត់សមុទ្រ ការវិនិយោគរបស់ក្រុមហ៊ុនយូញៀន ឌីវីឡុបមេនថ៍គ្រុប ខូអិលធីឌី ដែលបានដាក់ទុនវិនិយោគ យ៉ាងច្រើនលើវិស័យទេសចរណ៍ វិស័យកសិកម្មចម្រុះ វិស័យដឹកជញ្ជូន ព្រលានយន្តហោះ និងកំពង់ផែទឹកជ្រៅខ្នាតអន្តរជាតិ។ ទន្ទឹមនឹងនេះ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តដ៏ទៃទៀត ដែលមានជាអាទិ៍ មន្ទីរពេទ្យ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព សាលារៀន វត្តអារាម ផ្លូវ ស្ពាន ថ្នល់ សណ្ឋាគារ ផ្ទះសំណាក់ រមណីយដ្ឋាន ភោជនីយដ្ឋាន បាននិងកំពុងអភិវឌ្ឍជាបន្តបន្ទាប់ ដើម្បីលើកស្ទួយសេដ្ឋកិច្ចសង្គម សេដ្ឋកិច្ច និង តម្រូវការរបស់ប្រជាពលរដ្ឋ និងតម្រូវការរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ នាងខ្ញុំ សូមអនុញ្ញាតគោរពជម្រាបជូន ឯកឧត្តម នាយឧត្តម សេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង បានជ្រាបដោយសង្ខេបអំពី លទ្ធផលការងាររបស់រដ្ឋបាលខេត្ត ក្នុងអាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង ដូចតទៅ៖
• ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ បានរៀបចំកិច្ចប្រជុំសាមញ្ញ បានចំនួន៦០លើក ស្របតាមច្បាប់ និងលិខិតបទដ្ឋាននានា និងស្របតាមប្រតិទិន នៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា។ ទន្ទឹមនេះ ក្រុមប្រឹក្សាខេត្ត ក៏បានរៀបចំកិច្ចប្រជុំវិសាមញ្ញ របស់ខ្លួនបានចំនួន០១លើក និងកិច្ចប្រជុំ សម្ងាត់បានចំនួន០៧លើក។
• គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស បានរៀបចំកិច្ចប្រជុំ បានចំនួន១១លើក គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ បានចំនួន៥៤លើក គណៈកម្មាធិការ លទ្ធកម្ម បានរៀបចំកិច្ចប្រជុំ បានចំនួន១៣៦ លើក។
• បានរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ នៅតាម បណ្តាក្រុង ស្រុកទាំង ០៧ បានចំនួន២៨ លើក ដោយខកខាន មិនបានរៀបចំវេទិការផ្សព្វផ្សាយ នៅឆ្នាំ២០២១ ដោយសារ ការផ្ទុះរីករាលដាលជំងឺកូវីដ១៩ ។
• ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ បានរៀបចំនិងអនុម័តផែនការអភិវឌ្ឍន៍រយៈពេល០៥ឆ្នាំ របស់ខ្លួន និងបានរៀបចំនិងអនុម័តនូវកម្មវិធីវិនិយោគបីឆ្នាំរំកិល បានចំនួន០៥លើក ស្រប តាមច្បាប់ អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលមានជាធរមាន។ ផ្អែកលើ ផែនការអភិវឌ្ឍន៍រយៈពេល០៥ឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល បានផ្តល់ឱកាស ឱ្យរដ្ឋបាល ខេត្តកោះកុង បានជំរុញយ៉ាងសកម្មក្នុងការកែលម្អសោភណភាពតាមដងផ្លូវ គេហដ្ឋាន ទីសាធារណៈ រមណីយដ្ឋានទេសចរណ៍ ឆ្នេរកម្សាន្ត និងសាងសង់កែលម្អនូវសមិទ្ធផល សំខាន់ៗ ការសាងសង់អគាររដ្ឋបាល សួនច្បារ ដាក់បង្គោលភ្លើងបំភ្លឺតាមផ្លូវសាធារណៈនិង ទីប្រជុំជន ការបង្កើតកន្លែងហាត់ប្រាណ ស្ថាបនាកែលម្អផ្លូវក្រាលកៅស៊ូAC ផ្លូវកៅស៊ូDBST និងសំណង់សិល្បការ្យចាំបាច់មួយចំនួន។ល។ ដោយសម្រេចបាននូវសមិទ្ធផលជាច្រើន របស់គម្រោងហេដ្ឋារចនាសម្ព័ន្ធ របស់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់។
ជាមួយនឹងលទ្ធផលការងារ និងសមិទ្ធផលនានាដ៏ច្រើន របស់រដ្ឋបាលខេត្ត ក្នុងអាណត្តិទី៣ របស់ ក្រុមប្រឹក្សាខេត្តកោះកុង នាពេលកន្លងមក នាងខ្ញុំសូមយកឱកាសនេះ ដើម្បីគោរពថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅជាទីបំផុត ចំពោះ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ក្រោមការដឹកនាំ របស់ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និង គណៈអភិបាលខេត្ត មន្ត្រីរាជការ នៃរដ្ឋបាលខេត្ត កោះកុង រក្សាបាននូវការសាមគ្គីផ្ទៃក្នុងបានយ៉ាងល្អ បំពេញតួនាទី ភារកិច្ចរបស់ខ្លួនស្របតាមច្បាប់ ព្រះ រាជក្រឹត្យ អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ព្រមទាំង បានរៀបចំ និងអនុម័តនូវ ផែនការអភិវឌ្ឍន៍រយៈពេល០៥ឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
នាងខ្ញុំសូមយកឱកាសនេះ ដើម្បីរាយការណ៍ជូន ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង អំពីការអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ដែលបានដាក់ចេញ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ ដែលតម្រូវឱ្យគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីកិច្ចសន្យា ដែលស្ថិតក្រោមឱវាទ របស់ខ្លួន លើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬ មានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។ ពាក់ព័ន្ធទៅនឹងគោលនយោបាយជាអាទិភាពខាងលើនេះ រដ្ឋបាលខេត្តកោះកុង បានសហការ រៀបចំការធ្វើតេស្តរហ័សដើម្បីស្វែងរកសាធាតុញៀន ចំពោះមន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យានៅរដ្ឋបាលខេត្ត និងនៅតាមបណ្តារដ្ឋបាលក្រុង ស្រុក នៃខេត្តកោះកុង ដែលមានមន្ត្រីសរុបមានចំនួន៤៣៩នាក់ស្រី១១៩នាក់ ជាលទ្ធផល អវិជ្ជមានទាំងអស់។
ជាទីបញ្ចប់ នាងខ្ញុំសូម គោរពថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តកោះកុង ដែលបានឆ្លៀតពេលដ៏មមាញឹក និងមានតម្លៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធី ប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សាខេត្តកោះកុង អាណត្តិទី៤ នាពេលនេះ និងសូមគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង សូមទទួលបាននូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការកុំបីឃ្លៀងឃ្លាតឡើយ និងសូមគោរពជូនពរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី គណៈប្រតិភូជាន់ខ្ពស់ នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈប្រតិភូក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់សូមជួបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ថ្ងៃចន្ទ ១១ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤