(ត្បូងឃ្មុំ): នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមប្រារព្ធពិធីខួបលើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅកាផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត ២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៤។
ក្នុងកិច្ចប្រជុំនោះ ធ្វើឡើងនៅសាលប្រជុំ(ក)សាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់អភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ និងអ្នកពាក់ព័ន្ធ។
ឯកឧត្តម ណុប ឡងឌី អភិបាលរងនៃគណៈអភិបាលខេត្ត បានអានរបាយការណ៍នៃវឌ្ឍនភាពនៃកិច្ចការងារដែលរដ្ឋបាលខេត្តទទួលខុសត្រូវ ដោយបានលើកឡើងថា ក្រុមការងារនៃរដ្ឋបាលខេត្តបានបង្កើតនៅគណៈកម្មការខេត្ត ដើម្បីរៀបចំពិធីនេះ។
គណៈកម្មការនេះ មានតួនាទីភារៈកិច្ច ដឹកនាំរៀបចំត្រួតពិនិត្យ នៃដំណើរការ ការប្រព្រឹត្តទៅនៃកម្មវិធី ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ ក្នុងការប្រារព្ធពិធី និងចូលរួមសហការជាមួយក្រុមការងាររបស់សម្តេចធិបតី ដើម្បីអនុវត្តឱ្យស្របទៅតាមផែនការណែនាំ និងការងារភារកិច្ចដទៃច្រើនទៀត។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត បានលើកឡើងថា កិច្ចការងារនេះរដ្ឋបាលខេត្ត ក៏ដូចជាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ត្រូវធ្វើការពង្រឹងបន្ថែម និងត្រួតពិនិត្យនៅតំបន់ប្រារព្ធពិធី និងនៅតាមដងផ្លូវ។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានសំណូមពរដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការគ្នា អោយបានម៉ឺងម៉ាត់ និងទប់ស្កាត់រាល់បញ្ហាផ្សេងៗ ដើម្បីសម្រេចបាននៅភាពល្អប្រសើរ។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់កងលាំងប្រដាប់អាវុធទាំង៣ប្រភេទ ត្រូវរួមសាមគ្គីគ្នា និងបំពេញកិច្ចការងារឱ្យស្របទៅតាមផែនការដែលថ្នាក់ជាតិបានរៀបចំដោយរលូនតាមដែលគ្រោងទុក ហើយបើមានបញ្ហាឬការងារបន្ទាន់ណាមួយ សូមរាយការណ៍មកឯកឧត្តម មិនថាពេលថ្ងៃ ឬក៏ម៉ោង១ ម៉ោង២យប់ក៏ដោយ។
គួរបញ្ជាក់បន្ថែមថា៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចយកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ ប្រារព្ធខួបលើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅកាផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត ២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៤ នៅទីតាំង តំបន់ប្រវត្តិសាស្ត្រយោធាX16កោះថ្ម ស្ថិតក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ពិធីនេះប្រារព្ធឡើងក្នុងគោលបំណង ដើម្បីរំលឹកដល់វីរៈជនស្នេហាជាតិ ដែលបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីទាមទាសេរីភាព សុខសន្តិភាពជូនកម្ពុជា និងដើម្បីរំលឹកដល់ថ្ងៃដែលព្រះរាជាណាចក្រកម្ពុជាត្រូវរួចរំដោះពីរបបខ្មៅងងឹត ប្រល័យពូជសាសន៍ ប៉ុលពត៕