(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ប្រតិភូរដ្ឋបាលខេត្តត្បូងឃ្មុំ ដឹកនាំដោយ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធចំពោះវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា រំលឹកខួបលើកទី៤៧ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៤ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X ១៦ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ពិធីនេះប្រព្រឹត្តទៅក្នុងគោលបំណង ក្នុងស្មារតីចងចាំជានិច្ច និងរំឭកដល់គុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋគ្រប់ស្រទាប់ ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ។
សូមជម្រាបថា: តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម បានបង្ហាញឲ្យកូនខ្មែរគ្រប់ៗរូប ជ្រួតជ្រាបយល់ដឹងពីដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលសមមិត្ត ហ៊ុន សែន បានយកជីវិតធ្វើដើមទុន និងដកខ្លួនចេញទៅរៀបចំកម្លាំងសាជាថ្មី ដោយសុំការគាំទ្រពីប្រទេសវៀតណាម រំដោះប្រទេសជាតិ សង្គ្រោះប្រជាជន ឱ្យរស់រានមានជីវិតដល់បច្ចុប្បន្ន ស្ថិតនៅទីតាំងកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ៕