នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ។
កិច្ចប្រជុំនោះ ធ្វើឡើងនៅសាលប្រជុំ(ក)សាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក/នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន/អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
ក្នុងកិច្ចប្រជុំនោះ មានរបៀបវារៈ ចំនួន៤រួមមាន ៖ ១.ការផ្សព្វផ្សាយ អំពីសេចក្ដីណែនាំលេខ០២៤ សណន ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្ដីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខេត្ត ២.ការផ្ដួចផ្ដើមរៀបចំសេចក្ដីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត សម្រាប់រយៈពេល១២ខែ ចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី២ ៣.ស្ដាប់របាយការណ៍ ស្ដីពីលទ្ធផលការងាររបស់រដ្ឋបាលខេត្ត អាណត្តិទី៣ របស់ក្រុមប្រឹក្សា និងការងារសេសសល់ ទិសដៅការងាររយៈពេល៣ខែ ដែលក្រុមប្រឹក្សាផុតអាណត្តិ ដែលត្រូវអនុវត្តបន្តដោយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងបញ្ហាផ្សេងៗ ៕