ដំណាំជាង៩មុឺនបាក់រលំ និងពលរដ្ឋ១៤៦គ្រួសារ រងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ, ភ្លាមៗ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ នាំយកអំណោយកាកបាទក្រហម ទៅចែកផ្តល់ជូន

នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយសាខាកាកបាទក្រហមខេត្ត ទៅចែកផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយខ្យល់កន្ត្រាក់ ចំនួន ១៤៦គ្រួសារ ក្នុងឃុំទន្លូង ស្រុកមេមត់ កាលពីកន្លងទៅថ្មីៗនេះ

(ត្បូងឃ្មុំ): នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយសាខាកាកបាទក្រហមខេត្ត ទៅចែកផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយខ្យល់កន្ត្រាក់ ចំនួន ១៤៦គ្រួសារ ក្នុងឃុំទន្លូង ស្រុកមេមត់ កាលពីកន្លងទៅថ្មីៗនេះ។

ពិធីនេះធ្វើឡើងស្ថិតនៅបរិវេណវត្តសត្តវិថីជោត្យារាម ហៅវត្តស្លា ស្ថិតនៅភូមិពងទឹក ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនបងប្អូនពលរដ្ឋទាំងអស់។

ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានចូលរួមសោកស្តាយជាពន់ពេក ចំពោះផលប៉ះពាល់របស់បងប្អូនទាំង១៤៦គ្រួសារ និងបញ្ជាក់ថា ចំពោះអំណោយដែលផ្តល់ជូននាពេលនេះ ជាការចូលរួមជួយសម្រួលទុក្ខលំបាករបស់បងប្អូនចំពោះមុខ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ គូសបញ្ជាក់ថា សូមបងប្អូនជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា គឺថាគ្រាបងប្អូនមានទុក្ខលំបាក មានតែសេនាធិកាសម្តេចធិបតី នាយករដ្ឋមន្ត្រី ប៉ុណ្ណោះ ដែលមានអាជ្ញាធរខេត្ត សាខាកាកបាទក្រហមខេត្ត ដែលនៅកៀកជិត ចុះជួបជួយបងប្អូន មិនដូចក្រុមជ្រុលនិយមមួយចំនួន នៅពេលជិតបោះឆ្នោត បានមានមុខ និងសន្យាខ្យល់តែប៉ុណ្ណោះ។

ចំពោះអំណោយសម្រាប់គ្រួសាររងគ្រោះធ្ងន់ធ្ងរ ទទួលបានថវិកា ៤០មុឺនរៀល, រងគ្រោះមធ្យម ២០មុឺនរៀល, រងគ្រោះស្រាល ០៥មុឺនរៀល ព្រមទាំងក្នុង១គ្រួសារៗ ទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី ១យួរ និងទឹកសុីអីវ ១យួរ។

ដោយសទ្ធាជ្រះថ្លា ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានប្រគេនបច្ច័យ ព្រះគ្រូចៅអធិការវត្តសត្តវិថីជោត្យារាម ហៅវត្តស្លា ទុកសម្រាប់ប្រើប្រាស់ និងកសាងសមិទ្ធនានានៅទីអារាមនេះផងដែត។

គួររំលឹកថា នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ នៅឃុំទន្លូង ស្រុកមេមត់ មានភ្លៀងលាយខ្យល់កន្ត្រាក់ និងរន្ទះបាញ់ ធ្វើឲ្យរងផលប៉ះពាល់ពលរដ្ឋ ១៤៦គ្រួសារ ក្នុងនោបណ្តាលឲ្យ:

១-បាក់ដើមកៅស៊ូ 92,753 ដើម

២-បាក់ដើមស្វាយចន្ទី 2,840 ដើម

៣-បាក់ជន្លង់ម្រេច 220 ជន្លង់

៤-រលំ និងរបើកដំបូលផ្ទះ 30ខ្នង

៥- រន្ទះបាញ់ របួសធ្ងន់ បុរស ១នាក់ នៅឃុំមេមត់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕