ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានអនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់ នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក បានដឹកនាំចាត់ចែងអោយយករថយន្តរបស់កងទ័ពចំនួន២០០ គ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរ ដែលធ្វើដំណើរមកពីប្រទេសថៃ ទៅកាន់រាជធានី ខេត្ត ដែលជាគោលដៅរបស់ពួកគាត់។
ការចេញបញ្ជានេះ បានធ្វើឡើង បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបិទការធ្វើ ចត្តាឡីស័ក នៅតាមបណ្តោយព្រំដែន សម្រាប់ពលករដែលមានសភាពធម្មតា លើកលែងតែពលករដែលមានអាការៈខុសប្រក្រតី។
ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដោយសារស្ថានភាពប្រជាពលរដ្ឋ ពេលនេះ បានសំរុកចាកចេញពីប្រទេសថៃកាន់តែច្រើន ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានតម្រូវឲ្យកងទ័ពជួយដឹកពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ទៅកាន់គោលដៅ នៅតាមរាជធានី ខេត្ត ដើម្បីធ្វើចត្តាឡីស័កនៅខាងក្រោយ។
ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា“ជាជំហានដំបូងយើងត្រូវប្រើរថយន្តចំនួន២០០ គ្រឿង ក្នុងនោះកងពលលេខ៩០ ចំនួន១១០ គ្រឿង និងកង់ពលតូចដឹកជញ្ជូនលេខ៩៩ ចំនួន៩០គ្រឿង”។ ឯកឧត្តម ក៏បានបញ្ជាក់បន្ថែមថា កងពលធំ និងយោធភូមិភាគនៅតាមព្រំដែន ដែលមានយោធភូមិភាគទី៣ យោធភូមិភាគទី៤ និងយោធភូមិភាគទី៥ ត្រូវត្រៀមលក្ខណៈជាមុនក្នុងការបញ្ចេញរថយន្ត ក្នុងករណីដែលប្រើប្រាស់អស់លទ្ធភាព រថយន្តរបស់កងពលតូចដឹកជញ្ជូនលេខ៩០ និងកងពលតូចដឹកជញ្ជូនលេខ៩៩។
ជាមួយគ្នានោះដែរ ឯកឧត្តម ហ៊ុន ម៉ាណែត បានដាក់បញ្ជាឲ្យមេបញ្ជាការកងពលធំលេខ២ លេខ៣ និងយោធភូមិ ភាគទី៣ ទី៤ រាយការណ៍ពីប្រភេទរថយន្ត ដែលអាចដឹកជញ្ជូនបាន ហើយត្រូវយករថយន្តដែលមានខ្យល់ចេញចូលបាន ចៀសវាងរថយន្តបិទជិត ដែលអាចបង្កហានិភ័យ ប្រសិនបើនៅលើរថយន្តនោះមានអ្នកណាម្នាក់វិជ្ជមានកូវីដ-១៩៕