ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ដឹកនាំក្រុមការងាររដ្ឋបាលខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៦០ អាណត្តិទី៣ ឆ្នាំ២០២៤

ព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៦០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ

ព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៦០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ។

កិច្ចប្រជុំនេះធ្វើឡើង នៅសាលប្រជុំ(ក)សាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី នាយក-នាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការសាលាខេត្ត ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ ព្រមទាំងអ្នកពាក់ព័ន្ធ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិតជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអបអរសារទរ ដល់ឯកឧត្តម ឡុង ធាម ក្នុងឱកាសដែលត្រូវបានរាជរដ្ឋាភិបាល តែងតាំជាប្រធានក្រុមប្រឹក្សាខេត្តថ្មី ព្រមទាំងបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ដែលលោកតែងតែចូលរួមក្នុងការត្រួតពិនិត្យនឹងចូលរួមលើកជាមតិយោបល់ក្នុងការដោះស្រាយបញ្ហារបស់ខេត្តត្បូងឃ្មុំយើង។

ឯកឧត្តម បណ្ឌិតអភិបាលខេត្តក៏បានមានប្រសាសន៍សង្កត់ធ្ងន់ផងដែរទាក់ទងនឹងបញ្ហាចំនួន៦ចំណុច ដែលបានលើកមកពិភាក្សាក្នុងអង្គប្រជុំ ដើម្បីឱ្យមន្ទីរអង្គភាពជុំវិញខេត្តរៀបចំផែនការដោះស្រាយ ដែលចំណុចទាំងនោះរួមមាន៖

ទី១ បញ្ហាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ

ទី២ បញ្ហាការចរាចរណ៍ទំនិញតាមបន្ទាត់ព្រំដែន

ទី៣ បញ្ហាបទល្មើសល្បែងស៊ីសងខុសច្បាប់

ទី៤ បញ្ហាក្មេងទំនើង

ទី៥ បញ្ហាការរុករានទន្រ្ទានតំបន់ដីព្រៃលិចទឹក

ទី៦ បញ្ហាការកែលម្អរបរិស្ថានដើម្បីកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ (ការដាំដើមឈើ ការថែរក្សាអនាម័យ ដើម្បីឈានឆ្ពោះទៅប្រកួតប្រជែង ភូមិឃុំមានភាពស្អាត ភាពបៃតង)។

បន្ទាប់ពីប្រសាសន៍របស់ឯកឧត្តម បណ្ឌិតអភិបាលខេត្ត ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តក៏បានសាទរនឹងគាំទ្រយ៉ាងពេញទំហឹងនៅប្រសាសន៍ របស់ឯកឧត្តម បណ្ឌិតអភិបាលខេត្ត ដោយបានគូសបញ្ជាក់បន្ថែមទៀតថា “បញ្ហាទាំងអស់នេះគឺជាបញ្ហាចំបង នឹងជាបញ្ហារួម ដែលគ្រប់មន្ទីរអង្គភាពជុំវិញខេត្តដែលពាក់ព័ន្ធគប្បីចូលរួមធ្វើការដោះស្រាយ”។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តក៏បានធ្វើការសុំជាមតិយោបល់ពីមន្ទីរអង្គភាពជុំវិញខេត្តដែលពាក់ព័ន្ធផងដែរព្រមទាំងបានត្រួតពិនិត្យនិងអនុម័តលើរបាយការណ៍ដែលមន្ទីរអង្គភាពជុំវិញខេត្តបានដាក់ជូន។

ចុងបញ្ចប់នៃកិច្ចប្រជុំឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំរួមជាមួយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណដល់គ្រប់មន្ទីរអង្គភាពដែលបានចូលរួមកិច្ចប្រជុំ ព្រមទាំងបានជំរុញលើកទឹកចិត្តឱ្យមន្ទីរអង្គភាពទាំងអស់អនុវត្តកិច្ចការងារនេះឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា៖ កិច្ចប្រជុំសាមញ្ញលើកទី៦០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំឆ្នាំ២០២៤គឺធ្វើឡើងដើម្បីពិនិត្យនិងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំ ក៏ដូចជាធ្វើការពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍រីកចម្រើន ប្រចាំខែ មេសា ឆ្នាំ២០២៤ និងពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងផែនការនិងរៀបចំវេទិការរវាង រាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ឆ្នាំ២០២៤ ដើម្បីចូលរួមសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០របស់រដ្ឋបាលខេត្តត្បូងឃ្មុំ៕