ប៉ៃលិន៖ ក្នុងឱកាសអញ្ចើញជួបសំណេះសំណាលជាមួយបងប្អូនអាជីវករលក់ដូរ នៅជើងភ្នំយ៉ាតក្បែរអាស្រមលោកយាយយ៉ាត នារសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ណែនាំដល់អាជីវករលក់ដូរទាំងអស់ ត្រូវចូលរួមថែរក្សាអនាម័យបរិស្ថាន និងមានសណ្តាប់ធ្នាប់ របៀបរៀបរយល្អ ដើម្បីបង្កើនសោភ័ណភាពតំបន់បេតិកភណ្ឌវប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រភ្នំយ៉ាត ជាពិសេសគឺទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្ត ឱ្យបានកាន់តែច្រើន ដែលជាកត្តាមួយរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច ជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើង។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្ននេះ អាជ្ញាធរខេត្តប៉ៃលិន បានកំពុងខិតខំរៀបចំសណ្តាប់ធ្នាប់ និងកែរលម្អសោភ័ណភាពនៅក្នុងខេត្តយ៉ាងសស្រាក់សស្រាំ ត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ ដូចជា៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការកែរលម្អសួនច្បារសាធារណៈ ការដាក់ភ្លើងបំភ្លឺ និងភ្លើងលំអនាពេលរាត្រី ការសម្អាតអនាម័យបរិស្ថាន នៅតាមទីសាធារណៈ និងតាមតំបន់រមណីយ៍ដ្ឋានទេសចរណ៍នានា ដើម្បីឲ្យខេត្តប៉ៃលិនប្រែក្លាយ ជាខេត្តមួយ មានការរីកចម្រើន និងមានទេសភាពស្រស់បំព្រង បរិស្ថានល្អ ព្រមទាំងប្រែក្លាយជាខេត្តគោលដៅទេសចរណ៍ សម្រាប់ថ្ងៃអនាគតផងដែរ ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនអាជីវករលក់ដូរ នៅជើងភ្នំយ៉ាតក្បែរអាស្រមលោកយាយយ៉ាតទាំងអស់ ត្រូវចេះសហការគ្នា យោគយល់គ្នាទៅវិញទៅមក បង្កើនសាមគ្គីភាព ឯកភាព ប្រកបដោយភាពស្និទ្នស្នាល និងការទទួលខុសត្រូវខ្ពស់ ជាពិសេសត្រូវចូលរួមសហការ ជាមួយអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីចូលរួមចំណែកលើកកម្ពស់សោភ័ណភាពសាធារណៈក្នុងខេត្ត ក្នុងនាមជាប្រជាពលរដ្ឋល្អផងដែរ ។
សូមបញ្ជាក់ថា៖ ភ្នំយ៉ាត គឺជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តមួយដ៏ល្បីល្បាញនៅក្នុងខេត្តប៉ៃលិន ដោយមានទីតាំងស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ជាប់ផ្លូវជាតិលេខ៥៧ គឺជាបេះដូងនៃខេត្តប៉ៃលិន ដែលប្រជាពលរដ្ឋ និងអ្នកដំណើរទាំងឡាយដែលចេញ-ចូលមកខេត្តប៉ៃលិន តែងតែឆ្លងកាត់តាមជើងភ្នំយ៉ាត និងឡើងទៅលើភ្នំគយគន់សំណង់ប្រវត្តិសាស្រ្ត ព្រមទាំងចូលអុជទៀនធូប ដាក់កម្រងផ្កា ថ្វាយជូនរូបសំណាកលោកយាយយ៉ាត ដើម្បីបួងសួងសុំសេចក្តីសុខសេចក្តីចម្រើន និងសុវត្ថិភាព ក្នុងការធ្វើដំណើរទៅមក ទាំងដំណើរទីជិត និងទីឆ្ងាយ ។